ក្នុងនាមស្ថាប័នផ្តល់ហិរញ្ញវត្ថុ World Bank គាំទ្រការសម្រេចឱ្យអាជ្ញាធរគ្រប់គ្រងតំបន់ហ្កាហ្សា មានអាណតិ្តពីរឆ្នាំ

10-11-2025 11:12

(យូអិន)៖ ធនាគារពិភពលោក (World Bank) បានគាំទ្រគោលការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលរៀបរៀងឡើងដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្កាហ្សា ដែល​នឹងអនុញ្ញាត​ឱ្យ​​រដ្ឋបាល​អន្តរកាលមួយ មាន​អាណត្តិ​រយៈពេល​ពីរ​ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសន្តិសុខ UN ទាំង ១៥ បានធ្វើការចរចាលើសេចក្តីព្រាង ដើម្បីដាក់អាណត្តិឱ្យរដ្ឋបាលអន្តរកាលដែលគេហៅថាក្រុមប្រឹក្សាសន្តិភាព ដែលមានសិទ្ធិអំណាចបង្កើតអង្គភាពដោះស្រាយបញ្ហានានា រួមទាំងការកសាងតំបន់ហ្កាហ្សា និងកម្មវិធីស្តារសេដ្ឋកិច្ចឡើងវិញ។

ក្នុងលិខិតមួយដែល Reuters ទទួលបាន ប្រធានធនាគារពិភពលោក លោក Ajay Banga បានប្រាប់លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN ដូច្នេះថា «ការចូលរួមរបស់យើងនៅហ្កាហ្សា ទាមទាររកដៃគូដែលមានសមត្ថភាព ទទួលបានគាំទ្រពីសហគមន៍អន្តរជាតិ និងការអនុញ្ញាតពេញលេញ ក្នុងការអនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ»។ លោកបន្ថែមថា «គម្រោងបង្កើត​រដ្ឋបាលអន្តរកាល​ ជាមួយនិង​ការអនុញ្ញាត​ដែលមាន​ចែង​ក្នុង​សេចក្តីព្រាង​បច្ចុប្បន្ន បាន​ផ្តល់នូវ​ក្របខ័ណ្ឌ​ចាំបាច់​សម្រាប់​ការចូលរួម​ពីធនាគារពិភពលោក»

គួរបញ្ជាក់ថា ធនាគារពិភពលោក អង្គការសហប្រជាជាតិ និង សហភាពអឺរ៉ុប បានប៉ាន់ប្រមាណកាលពីខែកុម្ភៈថា ដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ ត្រូវចំណាយថវិកាជាង ៥០ពាន់លានដុល្លារ។ ស្ថាប័នទាំងបីនេះ កំពុងធ្វើការសម្រេចលើថវិកាប៉ាន់ស្មានបណ្តោះអាសន្ន ដែលមានអាចចំនួន ៧០ពាន់លានដុល្លារ៕