អាមេរិក តែងតាំងបេសកកជនពិសេសប្រចាំបេឡារុស ខណៈលោក ត្រាំ ចង់ឱ្យអ្នកជាប់ឃុំត្រូវបានដោះលែងបន្ថែមទៀត (Video inside)

10-11-2025 11:49

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោក John Coale ដែលបានជួយចរចាឱ្យមានការដោះលែងអ្នកទោសពីប្រទេសបេឡារុសកន្លងមក គឺជាជម្រើសរបស់លោក សម្រាប់តំណែងបេសកជនពិសេសប្រចាំទីក្រុងមីនស្ក៍ ហើយនឹងជំរុញឱ្យមានការដោះលែងអ្នកជាប់ឃុំបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គម Truth Social ដូច្នេះថា «គាត់ (Coale) ធ្លាប់ចរចាបានជោគជ័យកន្លងមក ដែលនាំទៅដល់ការដោះលែងចំណាប់ខ្មាំង ១០០នាក់ ហើយនឹងជំរុញការដោះលែងបន្ថែម ៥០នាក់ទៀត»។ លោក ត្រាំ ក៏បានសរសេរដែរថា «ខ្ញុំសូមអរគុណ ដោយក្តីគោរព ចំពោះប្រធានាធិបតីបេឡារុស Alexander Lukashenko សម្រាប់ការពិចារណាលើអ្នកដែលនឹងត្រូវដោះលែងបន្ថែម»

លោក ត្រាំ បានជំរុញការទាក់ទងរវាងសហរដ្ឋអាមេរិកជាមួយបេឡារុស ដោយបញ្ជូនគណៈប្រតិភូជាច្រើនទៅកាន់ទីក្រុងមីនស្ក៍ ក្នុងឆ្នាំនេះ។ អ្នកជាប់ឃុំដែលត្រូវបានបេឡារុសដោះលែងកាលពីខែកញ្ញា គឺមានចំនួនច្រើនបំផុត ខណៈលោក Lukashenko ក៏​កំពុង​ស្វែងរក​ការជួសជុល​ទំនាក់ទំនងជាមួយ​សហរដ្ឋអាមេរិក បន្ទាប់ពី​ភាពឯកោ​ និងរង​ទណ្ឌកម្ម​អស់​រយៈពេល​ច្រើនឆ្នាំ៕