ភារធារីម៉ិកស៉ិក បានចាកចេញពីប៉េរូ ខណៈភាពតានតឹងប្រទេសទាំងពីរ កាន់តែកើនឡើង (Video inside)
10-11-2025 13:51
(ម៉ិកស៉ីកូ)៖ អ្នកការទូតជាន់ខ្ពស់របស់ម៉ិកស៉ិកប្រចាំនៅប៉េរូ បានចាកចេញពីប្រទេសប៉េរូហើយ ចំពេលភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែកើនឡើង ជុំវិញបញ្ហាផ្តល់សិទ្ធិជ្រកកោនដល់អតីតនាយករដ្ឋមន្ត្រីប៉េរូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ទីភ្នាក់ងារអន្តោប្រវេសន៍ប៉េរូ បានឱ្យដឹងថា «ដូចដែលបានកំណត់ដោយរដ្ឋាភិបាលប៉េរូ ភារធារីនៃសហរដ្ឋម៉ិកស៉ិក ឈប់បំពេញការងារអន្តោប្រវេសន៍ និងបានចាកចេញពីប្រទេសប៉េរូហើយ»។ ដោយឡែក ក្រុមសមាជិសភាប៉េរូ បាននិយាយថា ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum ក៏មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសប៉េរូឡើយ។
ការចាកចេញនៃភារធារីម៉ិកស៉ិក លោកស្រី Karla Ornelas កើតមានឡើង បន្ទាប់ពីប៉េរូប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយម៉ិកស៉ិក ដោយសារតែការផ្តល់សិទ្ធិជ្រកកោនដល់លោកស្រី Betssy Chavez ដែលជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិអតីតប្រធានាធិបតី Pedro Castillo ដែលត្រូវបានទម្លាក់ពីអំណាច និងឥឡូវនេះកំពុងជាប់ពន្ធនាគារ។
លោកស្រី Chavez ប្រឈមមុខនឹងការចោទប្រកាន់ពីបទគប់គិតគ្នា ទាក់ទងនឹងការប៉ុនប៉ងរបស់លោក Castillo ក្នុងឆ្នាំ ២០២២ ដើម្បីរំលាយសភា ដោយរដ្ឋអាជ្ញាកំពុងស្វែងរកការកាត់ទោសលោកស្រី ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ។ ប៉ុន្តែលោកស្រី Chavez បដិសេធការចោទប្រកាន់៕






