ខ្យល់ព្យុះបោកបក់រដ្ឋធានីនូវែលសេឡង់ បង្ខំឱ្យលុបចោលជើងហោះហើរ នាវាចម្លង និងជម្លៀសពលរដ្ឋ

09-06-2026 19:14

(វែលីងតោន)៖ ខ្យល់បោកបក់យ៉ាងខ្លាំង និងរលកសមុទ្រខ្ពស់ៗ បានវាយប្រហាររដ្ឋធានីវែលីងតោន (Wellington) នៃប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារ ដែលបង្ខំឱ្យមានការលុបចោលជើងហោះហើរ នាវាចម្លង បិទផ្លូវ ខណៈអាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋរាប់រយនាក់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូង ជម្លៀសខ្លួនចេញជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យព្រលានយន្តហោះវែលីងតោនបានបញ្ជាក់ថា កម្លាំងខ្យល់បានបក់ផ្តួលយន្តហោះធុនស្រាលមួយគ្រឿងឱ្យផ្អៀងទៅម្ខាង តែសំណាងល្អមិនមានអ្នករងរបួសទេ ព្រោះអ្នកដំណើរបានចុះចេញអស់ទៅហើយ។ ជើងហោះហើរប្រមាណ ៨ខ្សែ ត្រូវបានលុបចោល ខណៈក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ក៏បានព្រមានពីការរំខានដែលអាចកើតមានបន្ថែមទៀត និងផ្តល់ជម្រើសប្តូរសំបុត្រដល់អ្នកដំណើរ។

បច្ចុប្បន្ន អាជ្ញាធរបានប្រកាសដាក់តំបន់ខ្លះនៃទីក្រុងវែលីងតោនក្នុងភាពអាសន្ន បន្ទាប់ពីការិយាល័យឧតុនិយមព្រមានថា រលកសមុទ្រអាចហក់ឡើងដល់កម្ពស់ ៩ម៉ែត្រនៅតាមបណ្តោយឆ្នេរភាគខាងត្បូង។ ក្រុមប្រឹក្សាទីក្រុងបានណែនាំប្រជាពលរដ្ឋនៅក្នុងតំបន់ជម្លៀស ដែលមិនទាន់បានចាកចេញ ឱ្យស្វែងរកទីជម្រកសុវត្ថិភាពនៅនឹងកន្លែងជាបន្ទាន់។

ទន្ទឹមនឹងនេះ សេវាកម្មនាវាចម្លងរវាងកោះខាងជើង និងកោះខាងត្បូង ត្រូវបានផ្អាកទាំងស្រុងនៅថ្ងៃអង្គារនេះ ដោយការិយាល័យឧតុនិយមព្យាករណ៍ថា រលកនឹងបន្តកើនឡើងយ៉ាងឆាប់រហ័សនៅតាមបណ្តោយឆ្នេរភាគខាងកើត និងកោះ ឆាថេម (Chatham Islands)។ ម្ចាស់ទូកនេសាទម្នាក់បានបញ្ជាក់ថា លោកបានលុបចោលការធ្វើដំណើរទាំងអស់ ព្រោះ «គ្មាននរណាម្នាក់ហ៊ានចេញទៅសមុទ្រក្នុងស្ថានភាពបែបនេះឡើយ»៕