ហ្វីលីពីនចាត់វិធានការការទូតប្រឆាំងនឹងចិន ជុំវិញសំណង់អណ្តែតទឹកនៅក្នុងសមុទ្រចិនខាងត្បូង
09-06-2026 20:22
(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃអង្គារ បានប្រកាសចាត់វិធានការការទូតប្រឆាំងនឹងប្រទេសចិន បន្ទាប់ពីបានរកឃើញ «វត្តមានខុសច្បាប់» នៃសំណង់អណ្តែតទឹកមួយនៅក្នុងតំបន់ថ្មប៉ប្រះទឹកមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមការងារសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីន បានបញ្ជាក់ថា សំណង់អណ្តែតទឹកទំហំ ៦x៦ម៉ែត្រ ដែលមានបំពាក់អង់តែន និងទំនងជាមានមនុស្សប្រចាំការនោះ ត្រូវបានប្រទះឃើញនៅក្នុងតំបន់ថ្មប៉ប្រះទឹក Scarborough Shoal។ ហ្វីលីពីនបានអះអាងសាជាថ្មីថា តំបន់នេះគឺជាផ្នែកមួយនៃដែនទឹករបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ ហើយខ្លួននឹងបន្តចាត់វិធានការដើម្បីការពារអធិបតេយ្យភាពជាតិ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បានអះអាងពី «អធិបតេយ្យភាពមិនអាចប្រកែកបាន» របស់ចិនលើតំបន់នេះ ដោយចាត់ទុកសកម្មភាពរបស់ខ្លួនថាជារឿងស្របច្បាប់ និងបានព្រមានហ្វីលីពីនឱ្យបញ្ឈប់ការបង្កហេតុ។
គួរបញ្ជាក់ថា តំបន់ Scarborough ស្ថិតនៅចម្ងាយត្រឹមតែ ២០០គីឡូម៉ែត្រពីហ្វីលីពីន ប៉ុន្តែស្ថិតនៅឆ្ងាយដល់ទៅជាង ៨៧០គីឡូម៉ែត្រពីដីគោករបស់ចិន។ ទោះបីជាសាលក្រមអន្តរជាតិឆ្នាំ២០១៦ បានកាត់ក្តីឱ្យហ្វីលីពីនឈ្នះក៏ដោយ ក៏ចិននៅតែបន្តដាក់ពង្រាយកប៉ាល់យាមកាមតំបន់នេសាទដ៏សំខាន់នេះ តាំងពីឆ្នាំ២០១២ មកម្ល៉េះ៕




