វិមានក្រឹមឡាំងបញ្ជាក់ថា មិនទាន់មានគម្រោងជំនួបតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ឡើយ

09-06-2026 21:36

(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានបញ្ជាក់នៅថ្ងៃអង្គារថា បច្ចុប្បន្ននៅមិនទាន់មានផែនការសម្រាប់ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឡើយទេ ប៉ុន្តែប្រេសិតអាមេរិកនៅតែបន្តរក្សាទំនាក់ទំនងជាមួយរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ប៉េសកូវ បានបញ្ជាក់ថា ដំណើរការសម្របសម្រួលសន្តិភាពអ៊ុយក្រែនកំពុងត្រូវបានផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែក្រុមអ្នកចរចាអាមេរិកកំពុងបន្តការពិភាក្សាជាមួយរុស្ស៊ី និងអ៊ុយក្រែន ទោះបីជាមិនទាន់កំណត់ថ្ងៃចុះមកបំពេញទស្សនកិច្ចនៅរុស្ស៊ីក៏ដោយ។ កន្លងមក ការចរចានេះបានជាប់គាំងកាលពីខែកុម្ភៈ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់។

គួរបញ្ជាក់ថា ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងពីការសន្ទនាដ៏ «វិជ្ជមាន» ជាមួយប្រេសិតអាមេរិក ប៉ុន្តែវិមានក្រឹមឡាំងអះអាងថាមិនទទួលបានដំណឹងនេះពីភាគីអាមេរិកនោះទេ។
ចំពោះលទ្ធភាពនៃការសម្របសម្រួលពីអឺរ៉ុប លោក ប៉េសកូវ បានច្រានចោលយ៉ាងដាច់អហង្ការ ដោយចាត់ទុកថាការចូលរួមរបស់អឺរ៉ុបគឺ «មិនអាចទទួលយកបាន» ឡើយ ព្រោះអឺរ៉ុបតែងតែដាក់លក្ខខណ្ឌមុនការចរចា និងមានទំនោរចង់បន្តសង្គ្រាមជាជាងការស្វែងរកសន្តិភាពពិតប្រាកដ៕