ស្វែងយល់ពី ព្រះរាជដំណាក់ទក្សិណភិរម្យ (Video inside)

10-11-2025 09:21

(ភ្នំពេញ)៖ ព្រះរាជដំណាក់ទក្សិណភិរម្យ ឬព្រះរាជដំណាក់ស្ពានកូនកាត់ សាង​សង់​ក្នុង​អំឡុង​អាណា​ព្យាបាល​បារាំង​ដោយ​ព្រះករុណាព្រះបាទ សម្តេចព្រះស៉ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ ព្រះរាជដំណាក់​នេះ​បាន​ប្រសិទ្ធនាម «ទក្សិណ​ភិរម្យ»។ ក្រោយ​មកព្រះករុណាព្រះបាទសម្តេចព្រះស៉ីសុវត្ថិ មុនីវង្ស ស្តេចព្រះរាជាទានព្រះរាជបុត្រី គឺ​សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរតន៍ សិរីវឌ្ឍនា ដែល​បាន​ចិញ្ចឹមព្រះរាជ​បុត្រា ព្រះ​សីហនុ នៅ​ពេល​នោះ។

ព្រះអង្គទ្រង់គង់នៅ​ភូមិ​គ្រឹះ​នោះ រហូត​ដល់​ដើម​ទសវត្សទី៤០ នៅ​ពេល​នោះ ព្រះ​ករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បាន​ផ្លាស់​មកគង់នៅព្រះ​បរម​រាជវាំង។ ព្រះរាជដំណាក់ទក្សិណ ជាព្រះរាជដំណាក់ ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត និងសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរតន៍ សិរីវឌ្ឍនា គង់នៅមុនព្រះអង្គសោយរាជសម្បត្តិ និងជាកន្លែងបង្ហាត់របាំព្រះរាជទ្រព្យផងដែរ។

បន្ទាប់​ពី​រដ្ឋ​ប្រហារ ឆ្នាំ​១៩៧០ និង​ការ​ប្រកាស​សាធារណ​រដ្ឋ​ខ្មែរ សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរតន៍ សិរីវឌ្ឍនា បាន​វិល​ត្រឡប់​មកគង់ប្រថាប់នៅព្រះរាជដំណាក់ទក្សិណភិរម្យ វិញ។ ទី​នោះ​គឺជា​កន្លែង​ចុង​ក្រោយ ដែលព្រះអង្គ​ទ្រង់​គង់​ប្រថាប់នៅ។

នាឆ្នាំ១៩៩១ ព្រះរាជដំណាក់នេះត្រូវព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ស្តេចឲ្យរដ្ឋាភិបាលកូរ៉េខាងជើង ធ្វើនាស្ថានទូត។ យោងតាមព្រះរាជសារចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រោសព្រះរាជទាន ព្រះរាជដំណាក់នេះរួមទាំងព្រះរាជដំណាក់ព្កុល ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាសារមន្ទីរជាតិ រក្សាជាបេតិកភណ្ឌជាតិតទៅ ។