រដ្ឋមន្ដ្រី ហួត ហាក់៖ កម្លាំងសាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ជាកត្តាកំណត់ជ័យជម្នះនៅគ្រប់ដំណាក់កាល នៃឧបសគ្គទាំងអស់របស់កម្ពុជា
10-11-2025 09:35
(អង់គ្លេស)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សប្រចាំចក្រភពអង់គ្លេស ដើម្បីស្តាប់នូវរបាយការណ៍សង្ខេបស្តីពី សកម្មភាពការងារ ព្រមទាំងចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមកន្លងមករបស់គណៈកម្មាធិការគណបក្សប្រចាំចក្រភពអង់គ្លេស។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ទួត បញ្ញា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានៅចក្រភពអង់គ្លេស លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅចក្រភពអង់គ្លេសជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនេះ លោកប្រធាន បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចអនុគណបក្សទាំង៥ រួមមាន៖ សម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្នមុនី ហ៊ុនម៉ាណែត ជូនចំពោះ លោកស្រី លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រចាំចក្រភពអង់គ្លេសទាំងអស់។
ជាការពិត លោក ហួត ហាក់ បានបន្តថា សមិទ្ធផលទាំងនេះកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ ក្រោមការដឹកនាំរបស់លោកជំទាវប្រធាន ដែលបានដាក់ចេញនូវផែនការ, ការចាត់តាំងការអនុវត្ត, និងសមាជិកបក្សម្នាក់ៗ ចូលរួមអនុវត្តយ៉ាងសកម្ម ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដោយលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈសព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសសម្រាប់បម្រើដល់ប្រយោជន៍រួមរបស់សហគមន៍ខ្មែរ នៅចក្រភពអង់គ្លេសនេះផ្ទាល់។
ទន្ទឹមនឹងនេះ លោក ហួត ហាក់ បានគូសរំលេចថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេម៉ាឡេស៊ី គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្ពុជា និង ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាព ដោយមានការចូលរួមជាសាក្សីពី លោក Donal J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង លោក អានវ៉ា អ៊ីមប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ កម្ពុជារំពឹងដោយសុឆន្ទៈថាកិច្ចព្រមព្រៀងនេះ នឹងនាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា និងក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ។
នេះជាយុទ្ធសាស្ត្រ «ស្ងាត់ តែ មិនស្ងៀម» របស់រាជរដ្ឋាភិបាល និងក្រោមចក្ខុវិស័យច្បាស់លាស់និងវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងសព្វគ្រប់បែបយ៉ាង ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដោយយើងបានធ្វើសមរភូមិជាច្រើន ទាំងសមរភូមិយោធា, សមរភូមិចិត្តសាស្ត្រ, សមរភូមិសារព័ត៌មានស្រួចស្រាវ, ជាពិសេស សមរភូមិការទូតយ៉ាងស្វិតស្មាញ (មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក លោកស្រី ឯកអគ្គរាជទូតនៅតាមបណ្តាប្រទេសនានានៅលើពិភពលោក), ការចូលរួមពីសមាជិក សមាជិកាបក្សក្នុងនិងក្រៅប្រទេស, មហាជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យ៕











