អភិបាលខេត្តប៉ៃលិន ជម្រុញឱ្យមន្ត្រីសុខាភិបាលត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់

10-11-2025 11:42

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងជម្រុញឱ្យវិស័យសុខាភិបាលសាធារណៈ និងឯកជនត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧ ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានថ្លែងដូចនេះនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែ ល្អ ប្រសើរ ថែមទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋា ភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ទៀតថា ដើម្បីជំរុញឲ្យវិស័យសុខាភិបាលក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយស្ថាប័នពាក់ព័ន្ធអង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការដែលបានដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែលបានកំណត់ជាពិសេសត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាព សេវា ទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ព្រមទាំងខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ។

នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិតអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការងារផ្តល់សេវាសាធារណៈ សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រង បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរពីសំណាក់ ថ្នាក់ ដឹកនាំ និងប្រជាពលរដ្ឋ៕