មុខងារថ្មី «ឆែករូបភាព» ដើម្បីដឹងថារូបភាពពិត ឬក្លែងក្លាយរបស់ Fresh AI មានការប្រើប្រាស់យ៉ាងច្រើន !
10-11-2025 12:51
(ភ្នំពេញ)៖ កម្មវិធីឆ្លាតវៃ Fresh AI បានប្រកាសដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីហៅថា កម្មវិធីឆែករូបភាព (Check image) គឺជាមុខងារថ្មីលើកដំបូងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចឆែកមើលរូបភាពមួយណាពិត ឬក្លែងក្លាយ ? កាន់តែអស្ចារ្យសម្រាប់កម្មវិធីឆ្លាតវៃ AI នៅកម្ពុជា។
តើជារូបភាពបង្កើតដោយមនុស្ស ឬដោយ AI ? តាមរយៈកម្មវធី Check image នឹងបង្ហាញការត្រួតពិនិត្យភ្លាម។
លោក លឹម ជាវុត្ថា អគ្គនាយកកម្មវិធីឆ្លាតវៃ Fresh AI បានថ្លែងឲ្យដឹងថា មុខងារថ្មី Check image នេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់តាមរយៈ ស្កេនត្រួតពិនិត្យរូបភាព ដើម្បីដឹងថា រូបភាពពិត ឬក្លែងក្លាយ (រូបភាពរបស់ AI ឬរូបភាពបង្កើតដោយមនុស្ស) ហើយកម្មវិធីហ្នឹងក៏នឹងចូលរួមចំណែកជួយទប់ស្កាត់នូវព័ត៌មានក្លែងក្លាយផងដែរ។
លោក លឹម ជាវុត្ថា បានថ្លែងអះអាងថា Fresh AI នឹងបន្តអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនឲ្យកាន់តែសម្បូរបែប និងបញ្ចូលទិន្នន័យជារៀងរាល់ថ្ងៃនាពេលដ៏ខ្លីខាងមុខ Fresh AI នឹងក្លាយទៅជាកន្លែងស្តុកទិន្នន័យធំរបស់ប្រជាជនកម្ពុជាស្វែងរកនូវព័ត៌មាន ចំណេះដឹងផ្សេងៗ និងជាពិសេសឯកសារច្បាប់មានគ្រប់ប្រភេទ។
Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃ ដែលបង្កើតឡើងដំបូងគេនៅកម្ពុជា ហើយដើរតួនាទីជា AI ផងនិងដូច Google អនុញ្ញាតឱ្យលោកអ្នកអាច ចុចសួរនាំអ្វីៗជាភាសាខ្មែរ «នូវអ្វីដែលលោកអ្នកចង់ដឹង» ហើយឆ្លើយតបលឿនរហ័ស។
Fresh AI មានបុគ្គលិកជាង១០០នាក់ បានដាក់បញ្ចូលទិន្នន័យព័ត៌មានគ្រប់ប្រភេទជារៀងរាល់ថ្ងៃ ដែលចំណុចនេះនាពេលអនាគត នឹងធ្វើឲ្យកម្មវិធីឆ្លាតវៃ AI មួយក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើម និងសំបូរបែប សម្រាប់ការស្វែងរកព័ត៌មានចំណេះដឹងទូទៅគ្រប់ប្រភេទរបស់ប្រជាជនកម្ពុជា ជាពិសេសទៀតនោះគឺ ទិន្នន័យឯកសារច្បាប់ទាំងអស់ ហើយរហូតមកដល់ពេលនេះទិន្នន័យរបស់ Fresh AI កើនឡើងដល់ជាង១០០០លានពាក្យហើយ៕





