អភិបាលស្រុកអង្គស្នួល ដឹកនាំក្រុមការងារចុះកាយសំរាមស្ទះ តាមលូក្រោយភ្លៀងធ្លាក់ និងស្នើពលរដ្ឋ ជួយសំអាតនិងរក្សាអនាម័យ កុំចោលសម្រាមផ្ដេសផ្ដាស
09-06-2026 17:19
(កណ្តាល)៖ ក្រោយភ្លៀងជាន្តបន្ទាប់ សង្កេតឃើញថាលំហូរទឹកភ្លៀងមិនហូរ ដោយសារស្ទះសំរាមតាមមាត់លូប្ររឡាយ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល បានដឹកនាំក្រុមការងារបន្តចុះពិនិត្យ និងកាយស្តារ ប្រឡាយដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង ព្រមទាំងប្រមូលកាកសំណល់សំរាមដែល កកស្ទះ បង្កឱ្យមានការជនលិចផ្លូវសាធារណៈ ស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
អភិបាលស្រុកថ្លែងថា ការកាយស្ដារសំរាមក្នុងប្រឡាយនេះធ្វើឡើងដើម្បីបើកផ្លូវទឹក និងរំដោះទឹកភ្លៀងកុំឱ្យជនលិច បង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ សូមផ្តាំផ្ញើ និងអំពាវនាវយ៉ាងទទូចដល់ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជាអាជីវករទាំងអស់សូមមេត្តាកុំបោះចោលសំរាម ឬកាកសំណល់ផ្សេងៗចូលទៅក្នុងប្រឡាយទឹក ដែលជាមូលហេតុចម្បងធ្វើឱ្យស្ទះផ្លូវទឹកហូរ និងបង្កជាការលិចលង់បែបនេះ។
ជាពិសេសនៅក្នុងរដូវវស្សា ដែលជិតចូលមកដល់នេះ សូមបងប្អូនចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះចោលពាសវាលពាសកាល ដើម្បីបង្ការការពារការលិចលង់នៅពេលមានភ្លៀងធ្លាក់មកវិញ និងដើម្បីសោភ័ណភាពភូមិឃុំរបស់យើងទាំងអស់គ្នា៕














