លោកបណ្ឌិត យង់ ពៅ៖ កម្ពុជាតែងតែគោរពនិយាមច្បាប់អន្តរជាតិ នៅក្នុងការដោះស្រាយជម្លោះ

09-06-2026 17:41

(ភ្នំពេញ)៖ តាមរយៈរូបភាពមួយសន្លឹកពីប្រទេសវៀតណាម ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីរូបភាពចាប់ដៃជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ក្នុងឱកាសដែលសម្ដេចបានឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ ជាមួយនាយករដ្ឋមន្ត្រីថៃ នៅមុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ាន លើកទី៣ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាតែងតែបានបើកទ្វារយ៉ាងទូលាយទាំងនៅក្នុងកិច្ចការការទូត ការសន្ទនាទ្វេភាគី ពហុភាគី ជាពិសេសទៅលើទំនាក់ទំនងទ្វេភាគីជាមួយនឹងថៃ។ នេះបើការបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ។

អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនវ បានបន្តថា ដូចដែលយើងបានដឹងស្រាប់ បើទោះបីជាថៃឈ្លានពានប្រទេសកម្ពុជា កាន់កាប់ទឹកដីមួយចំនួនដោយខុសច្បាប់ រាយបន្លាលួស ទូរកុងតឺន័រ និងបង្កបញ្ហាមួយចំនួនទៀតនៅតាមព្រំដែនក្ដី ប៉ុន្តែទំនាក់ទំនងទ្វេភាគីពុំបានបិទទាំងស្រុងទេ។ នៅក្នុងនោះ ការធ្វើដំណើរផ្លូវអាកាសក៏នៅតែបើកចរាចរណ៍ផ្លូវទឹកក៏នៅតែបន្ត ហើយទំនាក់ទំនងការទូតក៏នៅតែមានជាប្រក្រតី ដោយមានតែព្រំដែនគោកប៉ុណ្ណោះ ដែលភាគីថៃបានបិទជាឯកតោភាគី ដែលត្រង់ចំណុចនេះ យើងមើលឃើញយ៉ាងច្បាស់គ្រប់ៗគ្នា។

ក្នុងខណៈដែលប្រទេសថៃ ជាពិសេសលោក អានុទីន ផ្ទាល់ បានប្រកាសយ៉ាងដាច់អហង្ការមិនចរចាជាមួយកម្ពុជានៅក្នុងការបើកព្រំដែនគោក ឬក៏យន្តការព្រំដែនទ្វេភាគីដែលរួមមានគណៈកម្មារធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការព្រំដែនរួម កម្ពុជា-ថៃ (JBC) ក៏ដោយ ដោយប្រទេសកម្ពុជាបានសម្រេចជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំ ក្រោមឆ័ត្រអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ។

ទាំងនេះត្រូវបានលោកបណ្ឌិតបញ្ជាក់ឱ្យឃើញថា កម្ពុជាមិនបានប្រកាន់នូវនយោបាយមិនច្បាស់លាស់ដូចប្រទេសថៃនោះទេ ខណៈដែលកម្ពុជានិងថៃ មានព្រំដែនជាប់គ្នាទាំងព្រំដែនគោក និងព្រំដែនទឹក និងជាប្រទេសសមាជិកអាស៊ានដូចគ្នា ហើយអ្វីដែលសំខាន់បំផុត ព្រំដែនគោករវាងប្រទេសទាំងពីរដែលមានរហូតដល់ជាង៨០០គីឡូម៉ែត្រ ដែលកត្តាសត្យានុម័តនៃជាតិសាសន៍ នយោបាយ សេដ្ឋកិច្ច និងសង្គម នៃប្រទេសជិតខាងទាំងពីរ ដែលប្រជាពលរដ្ឋត្រូវការឆ្លងកាត់ទៅវិញទៅមកដើម្បីប្រាស្រ័យទាក់ទង ដោះដូរពាណិជ្ជកម្ម ការដោះដូរវប្បធម៌ និងសកម្មភាពក្នុងជីវភាពប្រចាំថ្ងៃនាថ្ងៃអនាគតជាចាំបាច់។

ប្រទេសទាំងពីរ អាចនឹងបញ្ចប់អរិភាពនឹងគ្នាដោយកិច្ចសន្ទនា ការចរចា និងបញ្ចប់ដោយការអនុវត្តស្របទៅតាមច្បាប់អន្តរជាតិ ដោយចៀសពុំរួច។ កម្ពុជាបានប្រកាន់ឥរិយាបថជារដ្ឋស៊ីវិល័យ ដោយឈរលើជំហរដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងជំរុញទំនាក់ទំនងការទូត និងការចរចា ដើម្បីឆ្ពោះទៅជំរុញទំនាក់ទំនងជាប្រក្រតី បើទោះបីជាថៃនៅតែប្រកាន់នូវឥរិយាបថច្រឡោងខាម ឬក្រអឺតក្រទមយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ជំហរច្បាស់លាស់លើកិច្ចការងារនេះ ទាំងយន្តការការទូត និងច្បាប់អន្តរជាតិ។

អ្នកជំនាញភូមិសាស្រ្តនយោបាយរំពឹងថា ប្រទេសទាំងពីរនឹងបញ្ចប់វិវាទ និងបញ្ចប់ការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាតាមរយៈការចរចាការទូត ការសន្ទនា និងច្បាប់អន្តរជាតិ មិនមែនតាមរយៈការយកសង្គ្រាមទៅបញ្ចប់សង្គ្រាមនោះទេ។ ប្រជាជនថៃ ត្រូវតែយល់ដឹងអំពីចំណុចទាំងនេះ ព្រោះរូបភាពនៃការចាប់ដៃរវាងមេដឹកនាំប្រទេសទាំងពីរ អាចនឹងត្រូវបានក្រុមជ្រុលនិយមថៃ រិះគន់និងវាយប្រហារ។ ទោះជាយ៉ាងណា យើងមានក្ដីសង្ឃឹមថា អ្នកជាតិនិយមថៃ និងប្រជាពលរដ្ឋថៃទាំងអស់នឹងឈ្វេងយល់ដឹងអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ៕