និយ័តករទូរគមនាគមន៍កម្ពុជា ជូនដំណឹងពីភាពយឺតយ៉ាវនៃការតភ្ជាប់ការហៅទូរស័ព្ទតាមតេឡេក្រាម
09-06-2026 20:34
(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) នៅថ្ងៃទី៩ ខែមិថុនានេះ ជូនដំណឹងពីភាពយឺតយ៉ាវនៃការតភ្ជាប់ការហៅទូរស័ព្ទតាមថ្នាលតេឡេក្រាម បន្ទាប់ពីនាពេលថ្មីៗនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានសង្កេតឃើញថា អ្នកប្រើប្រាស់មួយចំនួនបានជួបប្រទះភាពរអាក់រអួលក្នុងការប្រើប្រាស់ថ្នាលតេឡេក្រាម (Telegram)។
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា ភាពរអាក់រអួលនេះភាគច្រើនពាក់ព័ន្ធនឹងការតភ្ជាប់ការហៅសំឡេង និង/ឬវីដេអូ ដែលអាចមានការពន្យារពេលប្រមាណពី ៥ ទៅ ១០ វិនាទី មុននឹងការភ្ជាប់អាចដំណើរការបានពេញលេញ។ ករណីនេះអាចប៉ះពាល់ដល់គុណភាពនៃកិច្ចសន្ទនា ជាពិសេសចំពោះអ្នកដែលប្រើប្រាស់តេឡេក្រាមសម្រាប់គោលបំណងធុរកិច្ច ការងារ និងការទំនាក់ទំនងប្រចាំថ្ងៃ។ ដូច្នេះ និយ័តករទូរគមនាគមន៍ កំពុង
ស្វែងរកមូលហេតុ និងដំណោះស្រាយសមស្រប ក្នុងគោលបំណងស្តារគុណភាពនៃសេវាការហៅសំឡេង និងវីដេអូឱ្យត្រឡប់មកស្ថានភាពប្រក្រតីវិញឱ្យបានឆាប់រហ័ស៕






