មុខងារច្បាប់ភ្ជាប់ជាមួយ AI Agent លើកម្មវិធីឆ្លាតវៃ Fresh AI សម្រាប់មន្ត្រីរាជការ និងអ្នកច្បាប់ កាន់តែងាយស្រួលប្រើប្រាស់
09-06-2026 20:58
(ភ្នំពេញ)៖ នៅក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីរាជការ អ្នកច្បាប់ និស្សិតច្បាប់ និងអ្នកជំនាញផ្នែកធនធានមនុស្ស (HR) ការស្វែងរក និងការវិភាគលិខិតបទដ្ឋានគតិយុត្ត គឺជាកិច្ចការដែលទាមទារពេលវេលា ភាពហ្មត់ចត់ និងការប្រុងប្រយ័ត្នខ្ពស់បំផុត។ ឆ្លើយតបនឹងតម្រូវការនេះ មុខងារ «ច្បាប់ ឬ Law» របស់ Fresh AI បានក្លាយជាឧបករណ៍បច្ចេកវិទ្យាដ៏សំខាន់មួយ ដែលចូលខ្លួនមកធ្វើទំនើបកម្ម និងសម្រាលបន្ទុកការងាររដ្ឋបាល និងគតិយុត្តនៅកម្ពុជា។
អ្វីដែលធ្វើឱ្យឧបករណ៍នេះកាន់តែមានឥទ្ធិពលសម្រាប់អ្នកជំនាញ គឺការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរវាងមូលដ្ឋានទិន្នន័យច្បាប់ ជាមួយមុខងារ AI Agent ដែលបង្កើតបានជាជំនួយការឆ្លាតវៃដែលអាចសួរប្រដេញ និងវិភាគឯកសារបានយ៉ាងបត់បែន។
មុខងារច្បាប់របស់ Fresh AI ដំណើរការដោយបច្ចេកវិទ្យាស្វែងរកតាមបរិបទ គឺអ្នកប្រើប្រាស់គ្រាន់តែវាយបញ្ចូលសំណួរជាភាសាខ្មែរធម្មតា ដូចជាការសួរនាំពីទោសទណ្ឌ នីតិវិធីរដ្ឋបាល ឬលក្ខខណ្ឌកិច្ចសន្យា ប្រព័ន្ធនឹងទៅអូសទាញយកមាត្រាច្បាប់ដែលពាក់ព័ន្ធមកបង្ហាញភ្លាមៗ។ រាល់ចម្លើយផ្លូវច្បាប់ដែលផ្តល់ដោយ AI នឹងត្រូវភ្ជាប់មកជាមួយនូវការបញ្ជាក់ប្រភពច្បាស់លាស់ជានិច្ច ថាតើដកស្រង់ចេញពី «ច្បាប់ ឬលិខិតបទដ្ឋានអ្វី? ឆ្នាំណា? និងស្ថិតក្នុងមាត្រាប៉ុន្មាន?» ដែលនេះជាចំណុចសំខាន់បំផុតដែលអ្នកច្បាប់ត្រូវការដើម្បីយកទៅផ្ទៀងផ្ទាត់បន្ត។
ប៉ុន្តែបើសិនជាផ្សារភ្ជាប់ជាមួយ AI Agent វិញ នោះវាកាន់តែមានប្រសិទ្ធភាពជាងនេះ។ នៅពេលមុខងារច្បាប់ត្រូវបានដំណើរការរួមគ្នាជាមួយ AI Agent វាបានផ្លាស់ប្តូរតួនាទីរបស់ Fresh AI ពីឧបករណ៍ស្វែងរកធម្មតា មកជា «អ្នកវិភាគឯកសារ» ជំនាញ។ ភាពឆ្លាតវៃនៃការផ្សារភ្ជាប់នេះរួមមាន «ការសួរដេញដោលលើឯកសារវែងៗ» វាមានន័យថា មន្ត្រីរាជការ ឬអ្នកច្បាប់ អាចបញ្ចូលឯកសារព្រះរាជក្រឹត្យ អនុក្រឹត្យ ឬសេចក្តីសម្រេចផ្សេងៗក្នុងទម្រង់ PDF (តាមរយៈមុខងារ PDF to Text) រួចបញ្ជាឱ្យ AI Agent ធ្វើការស្វែងរកចំណុចជាក់លាក់ សង្ខេបខ្លឹមសារស្នូល ឬសួរដេញដោលរកផលប៉ះពាល់នៃមាត្រាណាមួយបានភ្លាមៗ៕




