* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាបើកដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ជាផ្លូវការ ដើម្បីជំរុញឧស្សាហកម្មអាហារក្នុងស្រុក

06-08-2025 14:41

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងបរិវេណវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះដែលជាវឌ្ឍនភាពដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាពប្រកួតប្រជែងរបស់សហគ្រាស ក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា។

តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលនេះបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ រួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសកូរ៉េ។

គម្រោងសហប្រតិបត្តិការនេះមានគោលដៅលើកកម្ពស់ខ្សែច្រវាក់តម្លៃ ពង្រឹងភាពអនុលោមតាមស្តង់ដា និងជួយឱ្យសហគ្រាសក្នុងស្រុកអភិវឌ្ឍផលិតផលអាហារ ដែលមានគុណភាពសម្រាប់ទីផ្សារ និងការនាំចេញ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «មជ្ឈមណ្ឌលថ្មីនេះតំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីបង្កើនសុវត្ថិភាព និងគុណភាពផលិតផលអាហារ។ តាមរយៈការគាំទ្រក្នុងស្រុក និងសក្តានុពលនាំចេញទៅអន្តរជាតិ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីសំខាន់ ក្នុងការបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច»។

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ មានខ្សែច្រវាក់ផលិតកម្មគំរូ បំពាក់ដោយម៉ាស៊ីនទំនើបចំនួន ៨៣ គ្រឿង ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសក្នុងស្រុក ធ្វើការសាកល្បងកែច្នៃផលិតផលអាហារថ្មីៗ។ ម៉ាស៊ីនទាំងនេះមានសមត្ថភាពកែច្នៃវត្ថុធាតុដើម ដូចជាសាច់ បន្លែ និងគ្រាប់ធញ្ញជាតិ ទៅជាផលិតផលគុយទាវ-មី អាហារសម្រន់ ភេសជ្ជៈ និងអាហារសុខភាពជាច្រើនប្រភេទ។

ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ មានឧបករណ៍បច្ចេកវិទ្យាចំនួន ៣៤ គ្រឿង រួមទាំងម៉ាស៊ីន HPLC-MSMS និងម៉ាស៊ីន ICP-OES សម្រាប់ធ្វើតេស្តវិភាគច្បាស់លាស់លើសារធាតុចិញ្ចឹម សារធាតុពុល សារធាតុបន្ថែម សំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងសារធាតុកខ្វក់នៃអតិសុខុមប្រាណ ដែល គាំទ្រផលិតផលអាហារកម្ពុជាឱ្យទទួលបានវិញ្ញាបនបត្រអន្តរជាតិ ដូចជា HACCP និង GMP ជាដើម។

លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) បានលើកឡើងថា«គម្រោងនេះមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យមឱ្យត្រៀមខ្លួនសម្រាប់ឧស្សាហូបនីយកម្ម និងការឈានចូលទីផ្សារជាក់ស្តែង។ យើងសង្ឃឹមថា មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មអាហាររបស់កម្ពុជា»។

សហគ្រាសធុនតូច និងមធ្យម ក៏នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និងសេវាប្រឹក្សាយោបល់ផ្សេងៗ រួមទាំងការគាំទ្រដើម្បីទទួលបានវិញ្ញាបនបត្រចាំបាច់។ លើសពីនេះ សាលពិព័រណ៍នៃមជ្ឈមណ្ឌល នឹងផ្តល់ជាវេទិកាមួយសម្រាប់ការតាំងបង្ហាញផលិតផល បង្ហាញករណីជោគជ័យ លើកកម្ពស់ទំនុកចិត្តអ្នកប្រើប្រាស់ និងជំរុញកិច្ចសហការរវាងសហគ្រាសផលិតអាហារកម្ពុជា និងសហគ្រាសនៅប្រទេសកូរ៉េផងដែរ។

លោក Jung Jae Hak អនុប្រធាននាយកដ្ឋានកំណើនសកល នៃវិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ (KIAT) បានលើកឡើងថា«តាមរយៈខ្សែច្រវាក់ផលិតកម្មគំរូ ការធ្វើតេស្តវិភាគផលិតផលអាហារ និងការបណ្តុះគំនិតអាជីវកម្មថ្មីៗ យើងចង់រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីកែច្នៃអាហារកម្ពុជាប្រកបដោយចីរភាព។ វិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ នឹងបន្តគាំទ្រមជ្ឈមណ្ឌលនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សម្រាប់ប្រទេសយើងទាំងពីរ»។

លោក ហែម វណ្ណឌី បានលើកទឹកចិត្តវិស័យឯកជន ពិសេសសិប្បកម្ម និងសហគ្រាសកម្មន្តសាលក្នុងស្រុក ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ ដើម្បីពង្រឹងសមត្ថភាពនវានុវត្តន៍កែច្នៃអាហារ លើកតម្កើងគុណតម្លៃផលិតផល និងវត្ថុធាតុដើមក្នុងស្រុក ដើម្បីឆ្លើយទៅនឹងស្ដង់ដាជាតិ និងអន្ដរជាតិ៕