រាជរដ្ឋាភិបាល បន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) សម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV)
21-08-2025 19:24
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹងពី ការកែសម្រួលបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤ (ភិកអាប់) និងរថយន្តដឹកអ្នកដំណើរ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា ការកែសម្រួលបន្ថយអត្រាពន្ធដែលមានចែងក្នុងប្រការ៤ ចំណុចទី៦ ចាប់ពីកម្រិត គ ដល់ ង នៃប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់រថយន្តប្រើប្រាស់ ថាមពលអគ្គិសនី (អ៊ីវី) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤(ភិកអាប់) និងដឹកអ្នកដំណើរ។
អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពល អគ្គិសនី (អ៊ីវី) នៅកម្ពុជា និងស្របតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ របស់ រាជរដ្ឋាភិបាល
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជូនដំណឹងដល់សាធារណជន និងម្ចាស់រថយន្តអំពី ការកែសម្រួលបន្ថយអត្រាពន្ធដែលមានចែងក្នុងប្រការ៤ ចំណុចទី៦ ចាប់ពីកម្រិត គ ដល់ ង នៃប្រការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់រថយន្តប្រើប្រាស់ ថាមពលអគ្គិសនី (EV Car) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤(ភិកអាប់) និងដឹកអ្នកដំណើរ ដូចខាងក្រោមដោយគិតពីឆ្នាំផលិត និងគិតជាកម្លាំងសេះ៖
ចំណុចក៖ កម្លាំង ១៥០សេះ
- ដល់ ៥ឆ្នាំ ទឹកប្រាក់ ១០០ ០០០រៀល
- លើសពី ៥ឆ្នាំដល់ ១០ឆ្នាំ ទឹកប្រាក់ ៨០ ០០០រៀល
- លើសពី ១០ឆ្នាំ ទឹកប្រាក់ ៦០ ០០០រៀល
ចំណុចខ៖ លើសពី ១៥០សេះ ដល់ ២០០សេះ
- ដល់ ៥ឆ្នាំ ទឹកប្រាក់ ១៥០ ០០០រៀល
- លើសពី ៥ឆ្នាំដល់ ១០ឆ្នាំ ទឹកប្រាក់ ១០០ ០០០រៀល
- លើសពី ១០ឆ្នាំ ទឹកប្រាក់ ៨០ ០០០រៀល
ចំណុចគ៖ លើសពី ២០០សេះ ដល់ ២៥០សេះ
- ដល់ ៥ឆ្នាំ ទឹកប្រាក់ ៣០០ ០០០រៀល)
- លើសពី ៥ឆ្នាំដល់ ១០ឆ្នាំ ទឹកប្រាក់ ១៥០ ០០០រៀល
- លើសពី ១០ឆ្នាំ ទឹកប្រាក់ ១០០ ០០០រៀល
ចំណុចឃ៖ លើសពី ២៥០សេះ ដល់ ៣០០សេះ
- ដល់ ៥ឆ្នាំ ទឹកប្រាក់ ៥០០ ០០០រៀល
- លើសពី ៥ឆ្នាំដល់ ១០ឆ្នាំ ទឹកប្រាក់ ២៥០ ០០០រៀល
- លើសពី ១០ឆ្នាំ ទឹកប្រាក់ ១៥០ ០០០រៀល
ង៖ លើសពី ៣០០សេះ ឡើងទៅ
- ដល់ ៥ឆ្នាំ ទឹកប្រាក់ ៨០០ ០០០រៀល
- លើសពី ៥ឆ្នាំដល់ ១០ឆ្នាំ ទឹកប្រាក់ ៤០០ ០០០រៀល
- លើសពី ១០ឆ្នាំ ទឹកប្រាក់ ២០០ ០០០រៀល
ការកែសម្រួលបន្ថយអត្រាពន្ធក្នុងតារាងខាងលើនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ និងប្រាក់ពន្ធបន្ថែមសម្រាប់រថយន្តអីវី (EV car) ដែលបានបង់កន្លងមកនោះទេ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច៖