មន្រ្តីជំនាញ៖ ជៀសវាងចាញ់បោកទិញទំនិញតាមអនឡាញ អ្នកទិញត្រូវធ្វើការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ពី Page និងទំនិញដាក់លក់ និងកុំបង់លុយមុនពេលបានទំនិញ (Video inside)

30-08-2025 11:11

(ភ្នំពេញ)៖ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែទិញទំនិញតាមអនឡាញ ដើម្បីជៀសវាងចាញ់បោកទិញទំនិញតាមអនឡាញ សូមឱ្យអ្នកទិញត្រូវធ្វើការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ពី Page និងទំនិញដែលដាក់លក់ និងកុំបង់លុយមុនបានទំនិញ។

ការលើកឡើងរបស់លោក ស៊ិន ស៊ីដេត ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការទិញលក់បោកបញ្ឆោតតាម Online»។

លោក ស៊ិន ស៊ីដេត បានថ្លែងឲ្យដឹងថា ដើម្បីចៀសវាងបញ្ហាប្រឈមការក្លែងបន្លំណាមួយ អ្នកប្រើប្រាស់ត្រូវផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ លើផេកផ្លូវការរបស់អ្នកលក់ តើមានលិខិតអានុញ្ញាតលក់ឬទេ? មួយទៀតគឺប្រភេទទំនិញដែលលក់ តើប្រភេទទំនិញទាំងនេះមានការចុះបញ្ជីការស្រប់ច្បាប់ទេ? និងកត្តាមួយទៀត ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លើទំនិញទាំងនេះ ដោយកត់សំគាល់ថា ជាទំនិញដែលត្រូវបានគេប្រើប្រាស់ច្រើន ឬជាទំនិញប្រភេទថ្មី?។

លោក ស៊ិន ស៊ីដេត បានបញ្ជាក់ថា កត្តាទាំងនេះជាសញ្ញាមួយក្នុងការប្រាប់យើងថា តើគួរទិញទំនិញអនឡាញពីផេកទាំងនោះឬទេ? កត្តាសំខាន់មួយទៀតនោះអតិថិជន ពុំគួរបង់ប្រាក់មុននោះទេ ពីមុនការទិញលក់តាមអនឡាញតម្រូវឲ្យបង់ប្រាក់មុន ប៉ុន្ដែពេលនេះគឺមិនចាំបាច់នោះឡើយ ទំ​និញដល់ដៃចាំបង់ប្រាក់ ទាំងនេះជាការចៀសវាងការចាញ់បោកយ៉ាងមានប្រសិទ្ធិភាព៕