យល់ដឹងពីជំនួញ៖ ឈ្វេងយល់ពីជម្រើសនៃការវិនិយោគក្នុងទិញលក់ភាគហ៊ុន ដើម្បីបានផលចំណេញ
31-08-2025 12:11
(ភ្នំពេញ)៖ អស់រយៈពេលជាង ១០ឆ្នាំហើយ ដែលកម្ពុជាបានបង្កើតទីផ្សារមូលបត្រ ឬផ្សារហ៊ុន ក្នុងគោលដៅឱ្យសាធារណជនចូលរួមវិនិយោគចាប់ពីកម្រិតទាបទៅខ្ពស់ ដើម្បីឱ្យក្រុមហ៊ុនចុះបញ្ជីទទួលបានទុន យកទៅពង្រីកអាជីវកម្ម។
ក្រុមហ៊ុន ដែលបានចុះបញ្ជីលក់ភាគហ៊ុនដំបូងគេ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានបោះផ្សាយកាលពីឆ្នាំ២០១២។ មកទល់ពេលនេះ ក្រុមហ៊ុនចំនួន ១១បានបោះផ្សាយមូលបត្រកម្មសិទ្ធិ ដែលមានតម្លៃផ្សេងៗគ្នា ដែលធ្វើឱ្យវិនិយោគិនមានជម្រើសកាន់តែច្រើន ខណៈក្រុមហ៊ុនចំនួន១៤ ទៀតបានបោះផ្សាយមូលបត្របំណុល។
គិតមកទល់ពេលនេះ វិនិយោគិនដែលបានបង្កើតគណនីវិនិយោគ មានជាង៦ម៉ឺនគណនី។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា តែងតែជំរុញ និងលើកទឹកចិត្តសាធារណជន ចូលរួមវិនិយោគក្នុងទីផ្សារមូលបត្រ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកបានលើកឡើងថា បច្ចុប្បន្ននេះ វិនិយោគិនអាចមានជម្រើសច្រើន ក្នុងការវិនិយោគក្នុងទីផ្សារមូលបត្រ ដើម្បីទទួលបានផលចំណេញ។
១.ធ្វើការជួញដូរប្រចាំ
រាល់ការវិនិយោគតែងតែមានហានិភ័យខាត ឬចំណេញ ជាក់ស្តែងការនិយោគទៅលើភាគហ៊ុន ក៏ដូចគ្នា។ សម្រាប់វិនិយោគិនដែលចូលចិត្តការវិនិយោគ ដែលប្រឈមនឹងហានិភ័យ ហើយចូលចិត្តតាមដាន និងវិភាគទីផ្សារ អាចធ្វើការជួញជាប្រចាំ ឬលក្ខណៈរយៈពេលខ្លី ដោយការទិញភាគហ៊ុន ក្នុងតម្លៃទាបហើយលក់វិញក្នុងតម្លៃខ្ពស់ ដែលពួកគេអាចនឹងទទួលបានផលចំណេញ ទៅតាមកម្រិតនៃការឡើងចុះនៃភាគហ៊ុននីមួយៗប្រចាំថ្ងៃ។
២.វិនិយោគដោយសន្សំ
ប្រសិនបើយើងជាអ្នកវិនិយោគ ដែលមិនចូលចិត្ត ប្រឈមនឹងហានិភ័យ យើងអាចជ្រើសរើសការវិនិយោគបែបសន្សំ ឬហៅថា ការវិនិយោគបែបស្ងប់សុខ តាមរយៈការសំលឹងមើលក្រុមហ៊ុន ដែលមានស្ថេរភាព ហើយវិនិយោគបែបសន្សំម្តងបន្តិចៗប្រចាំខែ។
ការទិញភាគហ៊ុនសន្សំ អាចចាត់ទុកថា ជាការវិនិយោគរយៈពេលវែង។ វិនិយោគិនអាចនឹងទទួលបានផលចំណេញប្រសិនតម្លៃហ៊ុននោះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ (ឧទាហរណ៍ កាលពីទិញតម្លៃ២០០០រៀល ក្រោយមកក៏ឡើងដល់២៥០០រៀល ឬ៣០០០រៀល ដែលគាត់អាចលក់លក់នៅពេលដែលទទួលបានផលចំណេញ)។ លើសពីនេះ វិនិយោគិនក៏អាចទទួលបានភាគលាភប្រចាំឆ្នាំ ប្រសិនបើក្រុមហ៊ុននោះទទួលបានផលចំណេញ។ ប៉ុន្តែ ការវិនិយោគនេះ ក៏អាចនឹងរងការខាតបង់ដែរ ប្រសិនបើក្រុមហ៊ុននោះ រកស៊ីខាត។
លោក ស៊ូ សុជាតិ បានលើកឡើងថា បច្ចុប្បន្ននេះ ហ៊ុនដែលមានស្ថេរភាព គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាក្រុមហ៊ុនរដ្ឋ និងជាក្រុមហ៊ុនដែលលក់ទឹកដាច់ ហើយគ្មានដៃគូប្រកួតប្រជែង ហើយប្រមូលសាច់ប្រាក់បានស្ទើរតែ១០០%។ ទន្ទឹមគ្នានេះ ហ៊ុនរបស់កំពង់ផែក្រុងភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ ក៏ជាភាគហ៊ុនដែលមានស្ថេរភាព និងកើនឡើងជាលំដាប់ផងដែរ។
លោក ទៀង ស៊ីវណ្ណសក្ដិ នាយកប្រតិបត្តិការនៃក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក បានលើកឡើងថា ការវិនិយោគមូលបត្រ ក៏ជាឱកាសក្នុងការបង្កើតទម្លាប់ល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ លោកលើកទឹកចិត្តដល់វិនិយោគិន គួរចាប់ផ្តើមវិនិយោគចាប់ពីកម្រិតតិចៗទៅ ប៉ុន្តែគួរតែធ្វើជាប្រចាំ រៀងរាល់២អាទិត្យម្តង ១ខែម្តង ឬរៀងរាល់៣ខែម្តង។ ហើយត្រូវបន្តតាមដានព័ត៌មានជាប់ជានិច្ច។
៣.ការវិនិយោគទៅលើការទិញបណ្ណបំណុល ឬសញ្ញាបណ្ណ
ការវិនិយោគទៅលើការទិញបណ្ណបំណុល ឬសញ្ញាបណ្ណ ត្រូវបានចាត់ទុកថា ជាការវិនិយោគដែលមានហានិភ័យទាបជាងគេ នៅក្នុងផ្សារមូលបត្រ។ ប៉ុន្តែភាគច្រើនសម្រាប់វិនិយោគិនដែលមានសាច់ប្រាក់ច្រើន។
លោក ស៊ូ សុជាតិ មានប្រសាសន៍ថាការវិនិយោគទៅលើសញ្ញាបណ្ណមានហានិភ័យទាប ព្រោះការជួញដូរលើសញ្ញាបណ្ណគឺជាការលុយឱ្យក្រុមហ៊ុនខ្ចី ក្នុងហើយទទួលបានអត្រាការប្រាក់មកវិញ តាមការកំណត់ក្នុងពេលបោះផ្សាយសញ្ញាបណ្ណ។ ប្រសិនបើវិនិយោគិនទិញសញ្ញាបណ្ណក្នុងតម្លៃប៉ុន្មាន នោះក្រុមហ៊ុននឹងសងមកវិញក្នុងតម្លៃនោះបូករួមទាំងការប្រាក់ បើទោះបីជាក្រុមហ៊ុនរកស៊ីខាត ឬចំណេញក៏ដោយ។
លោកបានពន្យល់ថា មិនចាំបាច់ទាល់តែដល់កាលកំណត់ទើបលក់សញ្ញាបណ្ណដែលបានទិញនោះទេ ការជួញដូរសញ្ញាបណ្ណក៏អាចជួញដូរនៅលើទីផ្សារបានគ្រប់ពេល ប្រសិនបើអ្នកវិនិយោគ មានតម្រូវការសាច់ ខុសពីការខ្ចីលុយពីឯកជនឬធនាគារ។ នៅពេលដែលយើងទិញសញ្ញាបណ្ណ យើងអាចបញ្ជាលក់សញ្ញាបណ្ណនៅលើទីផ្សារគ្រប់ពេលយើងត្រូវការសាច់ប្រាក់ ដែលការទិញលក់ធ្វើតាមរយៈអន្តរការីឬឈ្មួញជើងសារ។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះទីផ្សារសញ្ញាបណ្ណនៅកម្ពុជា មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងឆ្នាំ២០២៥នេះ។
លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា កាលពីមុន ការបោះសញ្ញាបណ្ណមានកាលកំណត់ត្រឹមតែ៣ឆ្នាំ និងមានទំហំតូចត្រឹមតែ២០ទៅ៣០លានដុល្លារ ប៉ុន្តែបច្ចុប្បន្ននេះសញ្ញាបណ្ណដែលបានបោះលក់ មានកាលកំណត់រហូតដល់១៥ឆ្នាំ ហើយការបោះផ្សាយក៏មានទំហំកាន់តែធំជាងមុនរហូត១០០លានដុល្លារ។ ជាការកត់សម្គាល់ធនាគារអេស៊ីដារ បានបោះផ្សាយសញ្ញាបណ្ណលក់ដោយជោគជ័យក្នុងទំហំទឹកប្រាក់១០០ដុល្លារ កាលពីខែមីនា ឆ្នាំ២០២៥ និងត្រៀមបោះផ្សាយសញ្ញាបណ្ណដែលមានតម្លៃ១០០លានដុល្លារទៀតនោះចុងឆ្នាំនេះផងដែរ ដោយផ្តល់អត្រា ៧.៥%។ ទន្ទឹមគ្នានេះ ក៏មានក្រុមហ៊ុនមួយទៀតបានបោះផ្សាយសញ្ញាបណ្ណបៃតង ដែលមានទំហំទឹកប្រាក់ប្រមាណ៥០លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំ។
សូមជម្រាបថា ផ្សារមូលបត្រកម្ពុជា ទទួលបានការចុះបញ្ជីមូលបត្រជាបន្តបន្ទាប់ ដោយបច្ចុប្បន្នមានក្រុមហ៊ុនបោះផ្សាយសរុបចំនួន២៥បានចុះបញ្ជី ក្នុងនោះរួមមានក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិចំនួន១១ និងក្រុមហ៊ុនចុះបញ្ជីមូលបត្របំណុលចំនួន ១៤ ក្រុមហ៊ុន។ ក្រុមហ៊ុនចុះបញ្ជីទាំងនេះបានប្រមូលទុនពីទីផ្សារប្រមាណ ៥៤៨ លានដុល្លារអាមេរិក។
ក្នុងរយៈពេលមួយឆមាសដើមឆ្នាំ២០២៥ កន្លងទៅ ការជួញដូរមូលបត្រនៅផ្សារមូលបត្រ បង្ហាញពីសន្ទុះនៃកំណើន ដោយទំហំជួញដូរសរុបមានចំនួនប្រហែល១២ លានភាគហ៊ុន ក្នុងតម្លៃជួញដូរសរុបជាង ១៣ លានដុល្លារអាមេរិក ដែលគិតជាមធ្យមប្រមាណជា ១០ ម៉ឺនភាគហ៊ុន និងគិតជាតម្លៃប្រមាណជា ១១ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ៕