ប្រាក់រៀលរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងតារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់ក្នុងព្រលានយន្តហោះអន្តរជាតិមែលប៊ន ប្រទេសអូស្រ្តាលី ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ

01-09-2025 21:29

(អូស្ត្រាលី)៖ លោក លី ស៊ីដេត ឧបការីទេសាភិបាល និងជាអគ្គបេឡា ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមសម្ពោធការដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិមែលប៊ន ប្រទេសអូស្រ្តាលី ដោយមានការចូលរួមពី លោក Adam Nezval ប្រធានប្រតិបត្តិការសាច់ប្រាក់ និងក្រដាសប្រាក់លក់ដុំ (Head of Wholesale Banknotes & Cash Operations) ប្រចាំប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់នៃក្រុមហ៊ុន Travelex។

កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex ក្នុងការដាក់ឱ្យមានការជួញដូរប្រាក់រៀល នៅប្រទេសអូស្រ្តាលីនេះ នឹងជួយសម្រួលឱ្យភ្ញៀវទេសចរអូស្រ្តាលី ដែលធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា និងភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរទៅប្រទេសអូស្រ្តាលី អាចប្តូរប្រាក់រៀលយកប្រាក់ដុល្លារអូស្ត្រាលី ឬប្តូរប្រាក់ដុល្លារអូស្រ្តាលីយកប្រាក់រៀលបានងាយស្រួល ដែលនឹងរួមចំណែកជួយជំរុញភ្ញៀវទេសចរអូស្រ្តាលីឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា វត្តមានប្រាក់រៀលនៅលើតារាងជួញដូរក្នុងប្រទេសអូស្រ្តាលី ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរលើទីផ្សារអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត ក៏ដូចជាការទទួលស្គាល់កាន់តែទូលំទូលាយលើប្រាក់រៀល។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀលអស់រយៈពេលជាងពីរទសវត្សកន្លងមក។

គួររំលេចថា នេះជាលើកទីបួនហើយ ដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីនៅអាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន អាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន និងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី។ ធនាគារជាតិនៃកម្ពុជានឹងបន្តសិក្សាពីលទ្ធភាពដាក់ប្រាក់រៀល ក្នុងតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀតនៅលើពិភពលោក៕