កម្ពុជា អភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ ជួញដូរភាគហ៊ុនតាម «ម៉ាជីន» ដើម្បីបង្កើនសន្ទនីយភាពទីផ្សារ

02-09-2025 14:05

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ផ្សារមូលបត្រកម្ពុជា (ផមក) និងក្រុមហ៊ុនមូលបត្រ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពី «ការអភិវឌ្ឍន៍ប្រព័ន្ធជួញដូរភាគហ៊ុនតាមម៉ាជីន» ដើម្បីបង្កើនសន្ទនីយភាពទីផ្សារ ជំរុញសកម្មភាពជួញដូរ និងធ្វើទំនើបកម្មទីផ្សារមូលធនកម្ពុជា។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តរករមូលបត្រកម្ពុជា និងលោក ហុង សុខហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ព្រមទាំងប្រធានសមាគមក្រុមក្រុមហ៊ុនមូលបត្រ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ពិធីនេះ ធ្វើឡើងនៅអគារទីស្តីការ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។

ថ្លែងក្នុងពិធីនេះ លោក ស៊ូ សុជាតិ សង្ឃឹមថា ការចុះកិច្ចព្រមព្រៀង ស្ដីពី ការអភិវឌ្ឍន៍ប្រព័ន្ធ ជួញដូរភាគហ៊ុនតាមម៉ាជីន នឹងទាក់ទាញការចា​ប់អារម្មណ៍ កាន់តែខ្លាំងឡើង ពីអ្នកវិនិយោគក្នុងស្រុក និងអន្ដរជាតិ នឹងបង្កើតជាជំរុញបន្ថែម សម្រាប់ការវិនិយោគ ក្នុងវិស័យមូលបត្រ។

បើតាមលោក ស៊ូ សុជាតិ, គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា បានផ្តល់លេខអត្តសញ្ញាណវិនិយោគិន សរុបចំនួន៦១,៣០៦ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គល មានចំនួន៩៩.៧០% និងវិនិយោគិនសញ្ជាតិខ្មែរ មានចំនួន ៨៩.៨៥%។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ចំនួនវិនិយោគិននៅក្នុងទីផ្សារ បានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដែលកំណើននេះឆ្លុះបញ្ចាំង ពីការចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ពីភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យនេះ។

បន្ថែមពីនេះទៀត លោក ស៊ូ សុជាតិ បានបញ្ជាក់ថា ការដាក់ចេញនូវប្រតិបត្តិការជួញដូរតាមម៉ាជីននេះ នឹងផ្តល់នូវលទ្ធភាពបន្ថែមទៀត ដើម្បីឱ្យវិនិយោគិន អាចចាប់យកឱកាសចំណេញពីទីផ្សារ តាមរយៈការទិញភាគហ៊ុន ទោះបីជាមិនមានសាច់ប្រាក់ គ្រប់គ្រាន់ក៏ដោយ។

សូមជម្រាបថា កិច្ចព្រមព្រៀងនេះ រៀបចំឡើងក្នុងគោលបំណងសហការគ្នា អភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ ជួញដូរភាគហ៊ុនតាមម៉ាជីន ដើម្បីបង្កើនសន្ទនីយភាពទីផ្សារ ជំរុញសកម្មភាពជួញដូរ និងធ្វើទំនើបកម្មទីផ្សារមូលធនកម្ពុជា ក្នុងគោលដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុកម្ពុជា៕