តម្លៃមាសស្ទុះឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយភាពមិនច្បាស់លាស់នៃស្ថានភាពពិភពលោក និងការធ្លាក់ចុះប្រាក់ដុល្លារ (Video inside)
03-09-2025 16:49
(ភ្នំពេញ)៖ អ្នកតាមដានទីផ្សារហាងឆេងមាស បានឱ្យដឹងថា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ តម្លៃហាងឆេងមាសបានហក់ឡើងយ៉ាងគំហុក ដោយស្ទុះឡើងជាង ៣០០ដុល្លារក្នុងមួយតម្លឹង។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ តម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិហក់ឡើងដល់តម្លៃ ៣ ៥៤៦ដុល្លារក្នុងមួយអោន ឬស្មើនឹង ៤ ២៧២ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងទីផ្សារកម្ពុជា ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានកាលពីមុន។
លោកបានគូសបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា តម្លៃហាងឆេងមាសអន្តរជាតិជួញដូរក្នុងតម្លៃ ៣ ៣០៨ ក្នុងមួយអោន ហើយនៅពេលយប់បានហក់ឡើងបន្ថែមទៀត ដល់តម្លៃ៣ ៥៣៩ដុល្លារក្នុងមួយអោន ឬស្មើនឹង៤ ២៦៣ និងបានហក់កើនឡើងថែមទៀត នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះដល់តម្លៃ ៣ ៥៤៦ដុល្លារក្នុងមួយអោន ឬស្មើនឹង ៤ ២៧២ដុល្លារ។
លោកបានកត់សម្គាល់ថា កត្តា ៣ដែលជំរុញឱ្យតម្លៃមាសហក់ឡើងខ្ពស់ដល់កម្រិតនេះ។ តក្តាចម្បងគឺ ការប្រកាសកាត់បន្ថយអត្រាការប្រាក់របស់លោក Jerome Powell ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក ដោយកាត់ពី ០.២៥% ទៅ០.៧៥%។ ទី២.ភាពមិនច្បាស់លាស់នៃស្ថានភាពពិភពលោក ទាំងកត្តាភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ខណៈថ្មីៗនេះថែមទាំងមានការប៉ះទង្គិចគ្នារវាងប្រជាជន វ៉េណេស៊ុយអេឡា ជាមួយកងទ័ពអាមេរិក ដែលកត្តានេះអាចនឹងជះឥទ្ធិពល ដល់ការវិនិយោគនៅវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក ស្របពេលតម្រូវការមាសកើនឡើង។ ទី៣. គឺបញ្ហាការងារនៅសហរដ្ឋអាមេរិក ដែលជំរុញឱ្យប្រាក់ដុល្លារចុះថោក និងសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ។
លោកបានព្យាករណ៍ថា ទៅថ្ងៃខាងមុខទៀត តម្លៃហាងឆេងមាសក៏នឹងបន្តកើនឡើងថែម ប្រសិនបើនៅបន្តមានស្ថានភាពមិនច្បាស់លាស់ និងការកាត់បន្ថយអត្រាការប្រាក់ ដែលក្នុងឆ្នាំនេះ តម្លៃមាសអាចនឹងកើនឡើងដល់ ៣ ៥៧០ដុល្លារដល់ ៣ ៦៥០ដុល្លារ ក្នុងមួយអោន ឬប្រមាណជាង ៤ ៣៩៧ដុល្លារក្នុងមួយតម្លឹង៕