សល់តែ៣សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកាស និងបង់ពន្ធលើអចលនទ្រព្យ ប្រចាំឆ្នាំ២០២៥ នឹងត្រូវផុតកំណត់ ខណៈអចលនទ្រព្យ ១០ប្រភេទ ត្រូវបានលើកលែងពន្ធ !
04-09-2025 11:11
(ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលលើអចលនទ្រព្យ មានតម្លៃលើសពី១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុង រាជធានីភ្នំពេញ និងនៅក្នុងក្រុងនៃបណ្តាខេត្តនានា។
ម្ចាស់អចលនទ្រព្យដែលមានកាតព្វកិច្ច ត្រូវប្រកាស និងបង់ពន្ធលើអចលនទ្រព្យ ប្រចាំឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺនៅសល់តែប្រមាណ៣សប្តាហ៍ទៀតប៉ុណ្ណោះ ដូច្នេះសម្រាប់បងប្អូនដែលមិនទាន់បានបង់ពន្ធនេះ សូមប្រញាប់អញ្ជើញទៅបង់ពន្ធឱ្យទាន់ពេលវេលានកំណត់។
ទោះជាយ៉ាងនេះក្តីពន្ធនេះ ក៏ត្រូវបានលើកលែងចំពោះអចលនទ្រព្យ ១០ប្រភេទផងដែរ ដែលមានដូចខាងក្រោម៖
១៖ អចលនទ្រព្យដែលមានតម្លៃតិចជាង ឬស្មើ ១០០ ០០០ ០០០ (មួយរយលាន)រៀល។
២៖ អចលនទ្រព្យដែលជាដីកសិកម្ម។ ដីកសិកម្ម សំដៅដល់ដីដែលកំពុងបង្កបង្កើនផលកសិកម្ម មានជាអាទិ៍ ដីស្រែ ដីចំការ ដីដំណាំកសិ-ឧស្សាហកម្ម ដឹកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម និងដីស្រែអំបិល។ ផ្ទះ អគារ ឬសំណង់ផ្សេងៗដែលសាងសង់សម្រាប់បម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្មទាំងនេះ ក៏ត្រូវបានលើកលែងពន្ធផងដែរ។ ក្នុងករណី ចំណែកណាមួយនៃដីកសិកម្មត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ ដែលមិនបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ ដល់សកម្មភាពកសិកម្ម ចំណែកដីនេះមិនត្រូវបានលើកលែងពន្ធនេះទេ។
៣៖ អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល វៀរលែងតែអចលនទ្រព្យដែលបានកត់ត្រាជាទ្រព្យសកម្ម របស់សហគ្រាសសាធារណៈ ឬក្រុមហ៊ុនចម្រុះរដ្ឋ។
៤៖ អចលនទ្រព្យដែលជាដីកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល បានជួលឱ្យឯកជនសាងសង់សំណង់សម្រាប់ធ្វើអាជីវកម្ម ដីនោះត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ ប៉ុន្តែសំណង់ត្រូវជាប់ពន្ធ។
៥៖ អចលនទ្រព្យដែលជាកម្មសិទ្ធិបុគ្គលណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌ និងគ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន។
ចំពោះការលើកលែង ដូចមានចែងក្នុងកថាខណ្ឌនេះ មិនរាប់បញ្ចូលទេចំពោះ៖
* អចលនទ្រព្យដែលត្រូវបានជួល ឬផ្តល់ឱ្យបណ្ដោះអាសន្ន សម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌។
* អចលនទ្រព្យជាកម្មសិទ្ធិរបស់អង្គការសាសនា ឬអង្គការសប្បុរសធម៌ ដែលបានជួល ឬផ្តល់ជាបណ្តោះអាសន្នឱ្យទៅសហគមន៍ឬ បុគ្គលណាមួយ ដែលប្រើប្រាស់អចលនទ្រព្យនោះក្រៅពីគោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌។
៦៖ អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
ការលើកលែងដូចមានចែងក្នុងកថាខណ្ឌនេះ មិនរាប់បញ្ចូលទេចំពោះ៖
* អចលនទ្រព្យជាកម្មសិទ្ធិរបស់បុគ្គលណាមួយ ដែលបានជួលទៅឱ្យបេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
* អចលនទ្រព្យជាកម្មសិទ្ធិ របស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាលនានា ដែលបានជួលទៅឱ្យបុគ្គលដទៃ។
៧៖ អចលនទ្រព្យ ដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬផលិតអគ្គិសនី ទីលានទុកដាក់សំរាម ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យដែលបម្រើផ្ទាល់ ដល់សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
៨៖ អចលនទ្រព្យដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានស័ក្តិ ដែលជាបាតុភូត ឬជាព្រឹត្តិការណ៍ កើតឡើងដោយមិនដឹងជាមុន មិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជម្នះបានដូចជា គ្រោះធម្មជាតិ សង្គ្រាម កុបកម្ម អគ្គិភ័យ ឬគ្រោះមហន្តរាយជាយថាហេតុ។
៩៖ ផ្ទះ អគារ ឬសំណង់ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០ (ប៉ែតសិប) ភាគរយ និងមិនទាន់បានប្រើប្រាស់ វៀរលែងតែដីដែលត្រូវជាប់ពន្ធលើអចលនទ្រព្យ។
១០៖ អចលនទ្រពដែលស្ថិតក្នុងងតំបន់សេដ្ឋកិចពិសេស ដែលបម្រើផាល់ដល់សកម្មភាពផលិត និងសេវាកម្ម៕