គ្រាប់ស្វាយចន្ទីកម្ពុជាប្រមាណ ១៤តោន ត្រូវនាំចេញជាលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី (Video inside)
04-09-2025 15:19
(ភ្នំពេញ)៖ ក្រោមតាមសម្របសម្រួលពីដៃគូអភិវឌ្ឍន៍ ស្វាយចន្ទីកែច្នៃរបស់កម្ពុជាមួយកុងតឺន័រ ដែលមានបរិមាណ១៤តោន ត្រូវនាំចេញជាលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីឆ្លើយតបនឹងផែនការពង្រីកទីផ្សារថ្មីសម្រាប់ទំនិញស្វាយចន្ទី។
ស្វាយចន្ទីដែលបាននាំចេញជាលើកដំបូងនេះ ត្រូវបាននាំចេញដោយក្រុមហ៊ុន អ៊ែមភល អាហ្រ្គោប្រដាក់ ដែលជាសហគ្រាសបង្កើតឡើង ដោយស្រ្តីកម្ពុជា។
លោកស្រី សម្បត្តិ កល្យាណ នាយិកាប្រតិបត្តិក្រុមហ៊ុន អ៊ែមភល អាហ្រ្គោប្រដាក់ បានឱ្យដឹងថា ការសម្រេចបាននូវការនាំចេញស្វាយចន្ទី ទៅកាន់ទីផ្សារអ៊ីតាលីនេះ ដោយសារមានការសម្របសម្រួលពីដៃគូអភិវឌ្ឍន៍នានា ដោយកន្លងមកបាននាំយកនូវស្វាយចន្ទីកម្ពុជា ទៅតាំងពិព័រណ៍នៅប្រទេសអង់គ្លេស។
លោកស្រីបានឱ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ននេះ លោកស្រីបាននាំចេញស្វាយចន្ទីទៅទីផ្សារអឺរ៉ុប បានជាង ១០០តោនហើយ។ នៅខែវិច្ឆិកាខាងមុខនេះ លោកស្រីក៏មានផែនការនាំចេញទៅចក្រភពអង់គ្លេសផងដែរ ខណៈនៅខែតុលា ផលិតផលស្វាយចន្ទីរបស់ក្រុមហ៊ុន អ៊ែមភល មួយកុងតឺន័រទៀត ត្រៀមនាំចេញទៅ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដោយមានការវេចខ្ចប់ដាក់សញ្ញាផលិតផលកម្ពុជា។
លោកស្រីបានឱ្យដឹងថា សម្រាប់ស្វាយចន្ទីនាំទៅអ៊ីតាលី ជាជំហានដំបូងនេះ គឺជារសជាតិដើម ដែលអ្នកនាំចូល នឹងយកទៅចែកចាយបន្ត ក្រោមវេចខ្ចប់ប្រេនរបស់ពួកគេសម្រាប់ដាក់លក់នៅលើទីផ្សារក្នុងប្រទេសអ៊ីតាលី ។
លោកស្រីបានបញ្ជាក់បន្ថែមថា «បច្ចុប្បន្ននេះ ការនាំចេញស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ គឺមានសក្តានុពលខ្លាំងមែនទែន ដែលវាអាចជួយរកចំណូលសម្រាប់សេដ្ឋកិច្ចជាតិបានច្រើន ប៉ុន្តែយើងនៅមានការខ្វះខាតលើការកែច្នៃដែលរាជរដ្ឋាភិបាល ចង់ឱ្យមានការកែច្នៃច្រើនជាងមុននៅក្នុងស្រុក ដោយនៅក្នុងឆ្នាំ២០២៧ ត្រូវធ្វើការកែច្នៃឱ្យបាន២៥% ហើយក្នុងឆ្នាំ២០៣២ឱ្យបាន៥០% ខណៈបច្ចុប្បន្ននេះការកែច្នៃមានតែ៥%ប៉ុណ្ណោះ»។
លោកស្រីលើកឡើងថា ការជំរុញការកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន គឺកាន់តែជួយច្រើនដល់វិស័យកសិកម្ម និងកសិករក្នុងស្រុកបានកាន់តែច្រើនដែលជួយបង្កើតតម្លៃបន្ថែមសម្រាប់កសិករ។
លោក ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះការសម្រេចបាននូវការនាំចេញស្វាយចន្ទីកម្ពុជា ជាលើកដំបូង ទៅកាន់ទីផ្សារអ៊ីតាលីនាពេលនេះ។ លោកលើកឡើងថា សក្តានុពលនៃគ្រាប់ស្វាយចន្ទីកម្ពុជា មិនត្រឹមតែសម្រាប់ទីផ្សារអាស៊ានប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារសហភាពអឺរ៉ុបផងដែរ។ ការនាំចេញនេះ គឺជាការចាប់ផ្តើមនៃឱកាសនាំចេញថ្មី សម្រាប់សេដ្ឋកិច្ចក្នុងស្រុក។
លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា កត់សម្គាល់ថា កម្ពុជាមានគ្រាប់ស្វាយចន្ទី ដែលមានគុណភាល្អជាងគេនៅលើពិភពលោក ដោយមានគ្រាប់ធំៗ និងមានរសជាតិឆ្ងាញ់ ព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ខួរក្បាល និងរាងកាយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្ពុជាហាក់មិនទទួលបានអត្ថប្រយោជន៍ពេញលេញពីដំណាំដ៏មានសក្តានុពលនេះនោះទេ ដោយសារតែមានការកែច្នៃតិចតួចក្នុងស្រុក ហើយភាគច្រើននាំចេញគ្រាប់មិនទាន់ច្នៃ។
លោករីករាយ ដែលថ្ងៃនេះកម្ពុជា សម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទីកាន់អ៊ីតាលី ដើម្បីជំរុញការកែច្នៃបន្ថែម។
លោក ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា ស្វាយចន្ទីជា ដំណាំកសិ-ឧស្សាហកម្ម និងជាដំណាំអាទិភាពមួយ ក្នុងចំណោមដំណាំមួយចំនួនទៀតដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព ការកែច្នៃ និងការប្រកួតប្រជែងការនាំចេញ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជំរុញឱ្យវិស័យមួយនេះអាចទទួលបាននូវប្រាក់កម្រៃខ្ពស់។
លោកបន្តថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងពាណិជ្ជកម្មបានបន្តផ្តោត ការយកចិត្តទុកដាក់ទៅលើការអនុវត្តវិស័យឯកជន តាមរយៈការខិតខំធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច បង្កភាពងាយស្រួលដល់វិស័យឯកជន ធុរជន និងវិនិយោគតាមរយៈការធ្វើសមាហរណកម្ម សេវារបស់ក្រសួងពាណិជ្ជកម្ម ដូចជាការចុះបញ្ជិពាណិជ្ជកម្ម ការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញនៅក្នុងថ្នាលផ្លាស់ប្តូរទិន្ន័យ និងប្រព័ន្ធបញ្ឈរជាតិតែមួយ។
លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងដែរថា ស្វាយចន្ទីគឺជាដំណាំយុទ្ធសាស្រ្តអាទិភាព និងមានសក្តានុពលរបស់រាជរដ្ឋាភិបាល ដែលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថាន។ បច្ចុប្បន្ននេះ ស្វាយចន្ទីកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើគុណភាព និងជាប់ចំណាត់ថ្នាក់លេខ២ លើការផលិតបានច្រើនជាងគេលើពិភពលោក។
លោកបន្ថែមថា «ការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅប្រទេសអ៊ីតាលីនាពេលនេះ នឹងជួយរួមចំណែកបង្កើនការកែច្នៃក្នុងស្រុកឱ្យមានលក្ខណៈស្តង់ដារ សម្រាប់ការនាំចេញ ផ្តល់ចំណេះដឹងបទពិសោធន៍ល្អៗ ធ្វើឱ្យស្វាយចន្ទីខ្មែរមានលក្ខណៈប្រកួតប្រជែង ទទួលបានតម្លៃសមរម្យសម្រាប់សេដ្ឋកិច្ច តាមរយៈបណ្តាញនាំចេញដែលអាចទុកចិត្តបាន»។
បើតាម លោក អាន តារា គិតត្រឹមតែមិថុនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម បានជាង៩១ម៉ឺនតោន ទទួលបានកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នកម្ពុជាមានសិប្បកម្ម សហគ្រាស និងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសរុបចំនួន៤២កន្លែង មានសមត្ថភាពកែច្នៃបានប្រមាណជា១៥ភាគរយប៉ុណ្ណោះ នៃផលគ្រាប់ស្វាយចន្ទីទូទាំងប្រទេស៕