អ្នកនាំពាក្យពាណិជ្ជកម្ម៖ លក្ខខណ្ឌអំណោយផលធ្វើឱ្យកម្ពុជា នៅតែរក្សាបាននូវវិនិយោគិនបរទេស ក្នុងពេលអាមេរិកដាក់ពន្ធបដិកា (Video inside)
05-09-2025 12:10
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា លក្ខខណ្ឌអំណោយផលធ្វើឱ្យកម្ពុជា នៅតែរក្សាបាននូវវិនិយោគិនបរទេស ដោយពួកគាត់គ្មានបំណង រើចេញពីកម្ពុជាឡើយ ក្នុងពេលអាមេរិកដាក់ពន្ធបដិកា ដោយសារកម្លាំងលក្ខខណ្ឌតម្លៃពលកម្ម និងកម្លាំងពលកម្មរបស់កម្ពុជា មានភាពល្អប្រសើរ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍សេដ្ឋកិច្ចនៃការដាក់ពន្ធថ្មី ១៩%របស់អាមេរិកមកលើកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកវិនិយោគទាំងអស់ អត់មានបំណងរើចេញពីកម្ពុជាទេ ដោយសារលក្ខខណ្ឌតម្លៃពលកម្ម និងកម្លាំងពលកម្មរបស់យើង ងាយរក និងមានកម្លាំងពលកម្មក្មេង, លក្ខខណ្ឌពលកម្មមានភាពប្រសើរ ដែលតម្រូវឲ្យមានការត្រួតពិនិត្យ និងសហការត្រឹមត្រូវ»។
បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា លក្ខខណ្ឌទាំងប៉ុន្មានរបស់ទីផ្សារនេះ គឺកម្ពុជាបានបំពេញបាន ហើយមានតែកម្ពុជាទេ ដែលភ្ជាប់លក្ខខណ្ឌទាំងអស់នេះ ទៅនឹងពាណិជ្ជកម្ម ចឹងហើយអ្នកដែលទទួលទិញទំនិញពីកម្ពុជា នឹងមិនពិបាកចិត្ដនោះទេ។
សូមជម្រាបថា ក្នុងរយៈពេល៨ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧.២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគ មានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណ ២.៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់លោក ប៉ែន សុវិជាតិ៖