អ្នកនាំពាក្យ៖ ក្រសួងពាណិជ្ជកម្មប្រឹងប្រែងបើកទីផ្សារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាហើយ តែការជោគជ័យ គឺស្ថិតនៅលើវិស័យឯកជន (Video inside)
05-09-2025 12:10
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មប្រឹងប្រែងបើកទីផ្សារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាហើយ គាំទ្រដល់ផលិតផលក្នុងស្រុក ប៉ុន្តែការជោគជ័យ គឺស្ថិតនៅលើវិស័យឯកជន ត្រូវខិតខំប្រឹងប្រែងផលិតផលិតផលឱ្យបានល្អ មានគុណភាព។
លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា ក្នុងគោលដៅរបស់កម្ពុជា ដោយបានកំណត់ទិសដៅឲ្យកម្ពុជា ចាកចេញពីប្រទេសដែលអភិវឌ្ឍន៍តិចតួច ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកំណត់ទិសដៅក្នុងឆ្នាំ២០៥០ ឲ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងនោះកម្ពុជាបានសម្រេចគោលដៅធំៗជាច្រើនផងដែរ។
លោកបានបន្ដថា សម្រាប់ក្រសួងពាណិជ្ជកម្ម បានបើកទីផ្សារធំៗសម្រាប់កម្ពុជា និងទទួលបានជោគជ័យជាច្រើន និងបានរក្សាទំនាក់ទំនងល្អៗ ជាមួយប្រទេសផ្សេងៗទៀតដូចជា កាលណាដា ចក្រភពអង់គ្លេសជាដើម ដែលបាននាំចូលទំនិញរបស់កម្ពុជាច្រើនជាងគេ បើធៀបនឹងបណ្ដាលប្រទេសដទៃទៀត។
លោកបានបញ្ជាក់ថា «បើនិយាយពីរឿងទីផ្សារកម្ពុជា បានរៀបចំខ្លួនបានល្អ ដោយឡែកបន្ថែមពីនេះកម្ពុជាត្រូវតែប្រឹងប្រែងផលិតទំនិញ ដើម្បីនាំចេញទៅកាន់ទីផ្សារទាំងអស់នោះបាន។ ក្នុងនោះក្រសួងពាណិជ្ជកម្មបានប្រឹងប្រែងបើកទីផ្សារ ប៉ុន្ដែជោគជ័យនៃការធ្វើពាណិជ្ជកម្ម វាអស្រ័យលើវិស័យឯកជន ដែលត្រូវប្រឹងប្រែងទាំងអស់គ្នាទាំងសហគ្រាសតូច និងមធ្យម ត្រូវចេះឈ្លៀតឱកាស ចាប់ឱកាសក្នុងលក់ទំនិញឲ្យប្រទេសទាំងនោះ ខណៈយើងមានទីផ្សារស្រាប់ទៅហើយ»៕
សូមស្តាប់ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ៖