ផ្សារផលិតផលខ្មែរ ខេត្តកណ្ដាល និងខេត្តបាត់ដំបង កំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ បន្លែ ផ្លៃឈើ ត្រីសាច់ អង្ករ និងគ្រឿងទេសជាច្រើនមុខ
06-09-2025 13:04
(កណ្ដាល-បាត់ដំបង)៖ ផ្សារផលិតផលខ្មែរ ខេត្តកណ្ដាល បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ នៅក្នុងខេត្តកណ្ដាល នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក - ៦ល្ងាច ដែលមានទីតាំងនៅច្រមុះជ្រូកក្រុងតាខ្មៅ។
ទន្ទឹមគ្នានេះ ផ្សារផលិតផលខ្មែរខេត្ត បាត់ដំបង ក៏បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅក្នុងខេត្ត បាត់ដំបង នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក - ៦ល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ក្រោមគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារ ឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។
ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។
សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕