យល់ដឹងពីជំនួញ៖ ស្រី្តអ្នកជំនួញស្វាយចន្ទី ចែករំលែកគន្លឹះក្នុងការកសាងម៉ាកយីហោកម្ពុជានៅលើទីផ្សារអន្តរជាតិ និងការស្វែងទីផ្សារនាំចេញ

07-09-2025 12:32

(ភ្នំពេញ)៖ ការកសាងម៉ាកយីហោកម្ពុជា ឱ្យមានការទទួលបានស្គាល់ជាលក្ខណៈអន្តរជាតិ និងការស្វែងរកទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយ មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់សហគ្រាសផលិត និងកែច្នៃស្វាយចន្ទីក្នុងស្រុក។

ប៉ុន្តែយ៉ាងនេះក្តី ដើម្បីឱ្យម៉ាកយីហោផលិតផលកម្ពុជា ត្រូវបានទទួលស្គាល់នៅលើទីផ្សារអន្តរជាត លោកស្រី សម្បត្តិ កល្យាណ នាយកប្រតិបត្តិក្រុមហ៊ុនរបស់ក្រុមហ៊ុនអ៊ែមភល ជាសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីបែបជួយសង្គម និបរិស្ថាន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទីផ្សារប្រទេសជាច្រើន រួមមានសហភាពអឺរ៉ុប អ៊ីតាលី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ាន បានជំរុញ និងលើកទឹកចិត្តដល់សហគ្រាសក្នុងស្រុក ធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី ដោយអនុឡោមទៅតាមស្តង់ដាសុវត្ថិភាពចំណីអាហារអន្តរជាតិ ដើម្បីកសាងម៉ាកយីហោកម្ពុជា នៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

លោកស្រីបានឱ្យដឹងថា បន្ទាប់ពី អ៊ែមភល ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០២១ បានខិតខំក្នុងការផលិតកែច្នៃសាច់គ្រាប់ស្វាយចន្ទី ដោយអនុឡោមទៅតាមស្តង់ដាសុវត្ថិភាពចំណីអាហារអន្តរជាតិ ដូចជា GHP, HACCP, HALAL, FDA។ ការខិតខំក្នុងកែច្នៃស្របតាមទីផ្សារអន្តរជាតិឱ្យពីសមត្ថភាព និងលទ្ធភាពនេះ ដើម្បីកសាងម៉ាកយីហោក្រុមហ៊ុន អ៊ែមភល-កម្ពុជា ដោយខ្លួនឯងសម្រាប់ចែកចាយតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ជាក់ស្តែង នាពេលខាងមុខនេះ សហគ្រាសលោកស្រី នឹងនាំចេញស្វាយចន្ទី ១កុងតឺន័រទៀត ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី ដោយមានការវេចខ្ចប់ម៉ាកសញ្ញាផលិតផលកម្ពុជា ដែលជាមោទនភាពមួយដែលផលិតផលខ្មែរ ត្រូវបានទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ។

លោកស្រីបានឱ្យដឹងថា រោងចក្រស្វាយចន្ទីអ៊ែមភល មានសមត្ថភាពកែច្នៃគ្រាប់ចន្ទីស្ងួតបានប្រមាណជា ៥ ០០០តោន/ឆ្នាំ ដែលអាចផលិតជាសាច់គ្រាប់ចន្ទីព៌ណស សម្រេចបានចំនួន ៥០០តោន/ឆ្នាំ ប្រសិនបើធ្វើការតែ១វេន (៨ម៉ោង/ថ្ងៃ) រីឯសាច់គ្រាប់ចន្ទីនៅមានសំបកស្តីងវិញ ក្រុមហ៊ុនអាចផលិតបានរហូតដល់ជា ១.០០០តោន/ឆ្នាំ។ យោងតាមផែនការ និងស្ថានភាពហេដ្ឋារច្ចនាសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមានស្រាប់ អាចពង្រីកការកែច្នៃរបស់ខ្លួនរហូតដល់ ១០ ០០០តោនគ្រាប់ស្ងួត/ឆ្នាំ ដោយគ្រាន់តែបំពាក់ម៉ាស៊ីនកែច្នៃសំខាន់ៗមួយចំនួនទៀតតែប៉ុណ្ណោះ។

ដើម្បីបំពេញតម្រូវការទីផ្សារពិភពលោក ក្រុមហ៊ុនបាននឹងកំពុងពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនប័ត្រស្តង់ដាអន្តរជាតិដូចជា៖ GHP, HACCP, HALA, FDA ព្រមទំាងកំពុងរៀបចំស្នើសុំយក BRC/FSSC22000, ORGANIC, RAINFOREST ALLIANCE ដែលជាវិញ្ញាបនប័ត្រស្តង់ដាខ្ពស់ និងទទួលបានតម្លៃបន្ថែមពីទីផ្សារតម្លៃថ្លៃ ។

ចំពោះការស្វែងរកទីផ្សារវិញ លោកស្រីបានលើកឡើងថា បន្ថែមលើព្រឹត្តិការពាណិជ្ជកម្មក្នុងប្រទេស ក្រុមហ៊ុនអ៊ែមភលបានយកផលិតផលចន្ទីរបស់ចូលរួមតាំងពិព័រណ៍ នៅក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិជាច្រើនរួមមាន IFE និង NATURAL & ORGANIC FOOD ចក្រភពអង់គ្លេស SIAL នៅបារាំង, សន្និសីទស្វាយចន្ទីពិភពលោក នៅទីក្រុងឌូបៃនិងនៅកម្ពុជា VINACAS GOLDEN CASHEW RENDEZVOUS វៀតណាម, HKTDC ហុងកុង PLMA និងCCC-CALIFORNIA សហរដ្ឋអាមេរិក BIOFACH អាល្លឺម៉ង់ THAIFEX ANUGA ASIA ថៃ និងពិព័រណ៍អាហារចិន HNUT ROASTED SEEDS & DRIED FRUITS។ សកម្មភាពទាំងនេះហើយ ដែលបាននាំផលិតផលចន្ទីរបស់ក្រុមហ៊ុនអ៊ែមភល ចាប់ផ្តើមទទួលបានការគ្រាំទ្រពីទីផ្សារអន្តរជាតិជាបណ្តើរៗរហូតមកទល់ពេលនេះ។

ទន្ទឹមគ្នានេះ លោកស្រីបានសំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ ធនាគារ វិស័យឯកជន និងតួអង្គស្វាយចន្ទីទាំងអស់ មេត្តាជួយបន្តគាំទ្រវិស័យកែច្នៃ-នាំចេញស្វាយចន្ទីកម្ពុជាឱ្យទទួលបានជោគជ័យ ប្រកដោយនិរន្តភាព ដើម្បីឆ្លើយតបទៅតាមគោលនយោបាយជាតិស្តីពីស្វាយ ចន្ទីឆ្នាំ២០២២-២០២៧ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានបំណងចង់កែច្នៃ-នាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន២៥% នៅឆ្នាំ២០២៧ និង៥០%នៅឆ្នាំ២០៣២។

លោក អាន ដារ៉ាប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានសិប្បកម្ម សហគ្រាស និងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសរុបទាំងអស់ចំនួន ៤២ ដែលអាចមានសម្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណជា១៥%នៃចំនួនគ្រាប់ចន្ទីសរុបក្នុងមួយឆ្នាំៗ។ ប៉ុន្តែសហគ្រាសស្វាយចន្ទីភាគច្រើនពុំទាន់ប្រើប្រាស់អស់សមត្ថភាព និងអនុឡោមតាមស្តង់ដាសុវត្ថិភាពចំណីអាហារអន្តរជាតិដើម្បីទីផ្សារនាំចេញរបស់ខ្លួនបាននៅឡើយ។ ដូច្នេះហើយបានសហព័ន្ធស្វាយចន្ទីកម្ពុជា បាននឹងកំពុងធ្វើការសហការយ៉ាងស្អិតល្មួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ វិស័យធនាគារ វិស័យឯកជន និងតួអង្គស្វាយចន្ទីសំខាន់ៗ ក្នុងការជួយជំរុញការកែច្នៃគ្រាប់ចន្ទីឱ្យមានលក្ខណៈស្តង់ដា ដើម្បីទទួលបានការគាំទ្រពីទីផ្សារក្នុងប្រទេស និងលើពិភពលោក។ ហើយមកទល់ពេលនេះមានក្រុមហ៊ុនកែច្នៃចន្ទីចំនួន៥ហើយ ដែលទទួលបានវិញ្ញាបនប័ត្រគ្រឹះ នៃសុវត្ថិភាពនិងប្រព័ន្ធគ្រប់គ្រងចំណីអាហារលំដាប់អន្តជាតិ ដូចជា GHP, HACCP, HALAL, FDA ដែលធ្វើឱ្យក្រុមហ៊ុនអាចនាំចេញ បានដោយរលូនទៅទីផ្សារពិភពលោក - ហើយនៅក្នុងនោះក៏មានក្រុមហ៊ុន AMPLE មួយដែរ។

ជាមួយគ្នានេះ សហព័ន្ធស្វាយចន្ទីកម្ពុជាបាននឹងកំពុងនាំក្រុមហ៊ុនកែច្នៃស្វាយចន្ទី ដែលមានលក្ខណៈ រួចរាល់មួយចំនួនទៅចូលរួមតាំងបង្ហាញ និងផ្សព្វផ្សាយផលិផលស្វាយចន្ទីកម្ពុជាដែលមានគុណភាពល្អជាងគេ នៅសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិសំខាន់ៗដូចជា៖ សន្និសីទ VINACAS GOLDEN RENDEZVOUS វៀតណាម សន្និសីទអន្តរជាតិ INC អេស្បាញ ពិព័រណ៍ពាណិជ្ជកម្ម PLMA និង CCC សហរដ្ឋអាមេរិក ពិព័រណ៍ពាណិជ្ជកម្ម IFE និង NATURAL & ORGANIC FOOD អង់គ្លេស ពិព័រណ៍ពាណិជ្ជកម្ម SIAL PARIS បារាំង THAIFEX ANUGA ASIA សន្និសីទ ស្វាយចន្ទីពិភពលោក WORLD CASHEW CONFERENCE មានម្តងធ្វើនៅកម្ពុជា។

លោកបន្ថែមថា នៅដើមខែ តុលាខាងមុខនេះ សហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនកែច្នៃស្តង់ដាមួយចំនួននឹងទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកកម្ម គម្រោង EU-GERMAN CAPSAFE & GATE និងគម្រោង UKT ITC ទៅចូលរួមតាំពិព័រណ៍ ANUGA នៅប្រទេសអាល្លឺម៉ង់ ដែលជាព្រឹត្តិការពិព័រណ៍លំដាប់ពិភពលោកផងដែរ៕