បណ្តាញសហគ្រិនស្ត្រីកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើកតម្កើងសិប្បកម្មត្បាញប្រពៃណី និងលើកស្ទួយសេដ្ឋកិច្ចក្នុងអាស៊ាន
09-09-2025 13:47
(ភ្នំពេញ)៖ បណ្តាញសហគ្រិនស្ត្រីកម្ពុជា(CamWen) និងក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន(WomenBizPH) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញសហគ្រិនភាពស្ត្រី អភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសេដ្ឋកិច្ចក្នុងតំបន់។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ដោយមានការចូលរួមពី លោកស្រីទន្តបណ្ឌិតអេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា និងលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន ព្រមទាំងសហគ្រិនឆ្នើមជាច្រើនរូប និងបណ្ដាមន្ត្រីរដ្ឋាភិបាលទាំង២ ប្រទេស។
កិច្ចសហប្រតិបត្តិការមួយនេះផ្តោតលើគំនិតផ្តួចផ្តើមរួមគ្នា ក្នុងការរៀបចំការប្រកួតប្រជែងតម្បាញដ៏អស្ចារ្យប្រចាំអាស៊ាន ឆ្នាំ២០២៦ (ASEAN Amazing Weaves Competition 2026) ដើម្បីលើកតម្កើងសិប្បកម្មត្បាញប្រពៃណី ភាពច្នៃប្រឌិត និងជំរុញជីវភាពប្រកបដោយចីរភាព ស្របទៅតាមគោលជំហររបស់សាធារណរដ្ឋហ្វីលីពីន ក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២៦ ខាងមុខនេះ ។ សាជីវកម្មសេដ្ឋកិច្ចឌីជីថលដ៏អស្ចារ្យហ្វីលីពីន APDEC (Amazing Philippines Digital Economic Corporation) នឹងជំរុញការគាំទ្រវេទិកាឌីជីថលផ្សេងៗ និងការផ្សព្វផ្សាយអន្តរប្រទេស។
លោកស្រីទន្តបណ្ឌិត អេង លីគង់ មានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការនេះនឹងពង្រឹងមិត្តភាពរវាងសហគ្រិនស្ត្រីកម្ពុជា និងសហគ្រិនស្ត្រីហ្វីលីពីន ដើម្បីបង្ហាញ និងចែករំលែកគំនិតច្នៃប្រឌិត ព្រមទាំងបង្កើតអ្វីថ្មីៗ ដែលអាចជំរុញការអភិវឌ្ឍប្រកបដោយចីរភាពបានយ៉ាងមានប្រសិទ្ធភាព»។
ការចុះហត្ថលេខានេះបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ខណៈដែលប្រទេសទាំងពីរបាន និងកំពុងពង្រឹងសមត្ថភាពក្នុងការបង្កើតឱកាសថ្មីសម្រាប់ធុរកិច្ចដឹកនាំដោយស្ត្រី និងជំរុញកិច្ចសហការតំបន់ឱ្យកាន់តែជ្រាលជ្រៅ៕