អាកាសចរណ៍ជាតិកម្ពុជាចុះ MoU គ្រោងទិញយន្តហោះពាណិជ្ជកម្ម C909 របស់ចិនចំនួន ២០គ្រឿង ខណៈមានផែនការទិញយន្តហោះ Boeing 737-800 MAX អាមេរិក ១០គ្រឿង
11-09-2025 14:20
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) ដែលប្តូរឈ្មោះមកពីក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ ដែលមានភាគហ៊ុនធំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចិន Commercial Aircraft Corporation of China Ltd. (COMAC) គ្រោងនឹងទិញយន្តហោះ ដែលផលិតដោយចិនផ្ទាល់ C909 regional ចំនួន២០គ្រឿង ក្នុងនោះ ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ នេះបើតាមការឱ្យដឹងពីលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។
លោកឯកអគ្គរដ្ឋទូតចិនរូបនេះបានចាត់ទុកកិច្ចព្រមព្រៀងនេះ គឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាកាសចរណ៍ប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ។
ការទិញយន្តហោះថ្មី គឺអាស្រ័យលើតម្រូវការប្រើប្រាស់ដឹកជញ្ជូនអ្នកដំណើរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មានជាក់លាក់ អំពីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរនេះទេ។ តែលោកថានឹងជាផែនការសម្រាប់អនាគតរបស់ក្រុមហ៊ុន ឆ្លើយតបសម្រាប់តម្រូវការនាពេលអនាគត ហើយការទិញលក់យន្តហោះពាណិជ្ជកម្ម អាចត្រូវការពេល ក្នុងរង្វង់ពី៣ឆ្នាំ ទៅ៥ឆ្នាំយ៉ាងតិច។
បើតាមអ្នកនាំពាក្យរូបនេះ ក្នុងតំបន់អាស៊ាន យន្តហោះរបស់ចិនប្រភេទ C909 កំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរនៅប្រទេសឥណ្ឌូនេស៉ី ឡាវ និងវៀតណាម ហើយប្រទេសប្រុយណេ ក៏កំពុងពិចារណាប្រើប្រាស់យន្តហោះប្រភេទនេះផងដែរ។ ចំពោះកម្ពុជា ស្ថិតនៅក្នុងផែនការសម្រាប់អនាគត ហើយក៏មានផែនការទិញយន្តហោះប្រភេទ Boeing 737-800 MAX ចំនួន១០គ្រឿងពីអាមេរិកផងដែរ។
ក្នុងការចរចាទម្លាក់ពន្ធបដិកាជាមួយអាមេរិក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់អត្រាពន្ធសូន្យ ដល់ទំនិញអាមេរិកដែលនាំចូលមកកម្ពុជា និងបានចរចាទិញយន្តហោះប្រភេទ Boeing 737-800 MAX ចំនួន ១០គ្រឿងសម្រាប់ជំហានទី១ និងមានលទ្ធភាពទិញ១០គ្រឿងទៀតនៅពេលខាងមុខ។
ជុំវិញការផ្ដួចផ្ដើម និងទំនាក់ទំនង ទិញយន្តហោះអាមេរិកនេះ ត្រូវបានលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា «ការផ្ដួចផ្ដើម និងទំនាក់ទំនង លើការទិញយន្តហោះពាណិជ្ជកម្មអាមេរិក ពីក្រុមហ៊ុន Boeing កំពុងស្ថិតក្នុងរបៀបវារៈ និងសមត្ថកិច្ចថ្នាក់ដឹកនាំ នៃក្រុមការងារពន្ធបដិកាជាមួយអាមេរិក»។
សូមជម្រាបថា នៅខែមករា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យសម្រេចប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ អង្គរ អ៊ែរ ទៅជាក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា ជាភាសាអង់គ្លេស Air Cambodia។ ក្រុមហ៊ុននេះរាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន ៣០ភាគរយ, ក្រុមហ៊ុនចិន Xing Gang Investment Group កាន់កាប់ភាគហ៊ុន ២៨ភាគរយ, ក្រុមហ៊ុន Seven Trip International ចំនួន ២៨ភាគយ និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ១៤ភាគរយ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ៕