សល់១៩ថ្ងៃទៀត! ម្ចាស់អចលនទ្រព្យដែលមិនបានប្រកាស និងបង់ប្រាក់ពន្ធទាន់ពេលវេលានឹងត្រូវរងការពិន័យ
11-09-2025 16:45
(ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ដូច្នេះសម្រាប់ឆ្នាំ២០២៥ ម្ចាស់អចលនទ្រព្យ នៅមានពេលប្រមាណ១៩ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីបំពេញកាតព្វកិច្ចនេះ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធ លើអចលនទ្រព្យទាន់ពេលវេលា នឹងទទួលរងនូវទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ជាធរមាន។
ដើម្បីបំពេញកាតព្វកិច្ចពន្ធ លើអចលនទ្រព្យឱ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាមមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖
* តាមកម្មវិធីទូរស័ព្ទដៃ អ្នកជាប់ពន្ធ GDT Taxpayer App
* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូ របស់អគ្គនាយកដ្ឋានពន្ធដារ
* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។
កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធលើអចលនទ្រព្យបាន ដោយអនុវត្តតែ២ ជំហានប៉ុណ្ណោះ តាមរយៈមុខងារបង់ពន្ធរហ័ស (QUICK PAYMENT) ដែលមានក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕