ក្រសួងពាណិជ្ជកម្ម រៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា
12-09-2025 14:43
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ ក្រោមមូលបទ «កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា។
ថ្លែងក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២» នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលបុរីកោះពេជ្រ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងគ្រប់តួអង្គពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងនិងសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាលកាលទី១ និងចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការផ្តល់ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធនិងចំណេះដឹងផ្នែកឌីជីថល, ការផ្សព្វផ្សាយអំពីក្របខ័ណ្ឌគោលនយោបាយ, ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលកម្ពុជា ដោយការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការពង្រឹងសមត្ថភាពនិងការចូលរួមរបស់វិស័យឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងពាណិជ្ជកម្មឌីជីថល និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន, និងការលើកកម្ពស់សុវត្ថិភាពប្រព័ន្ធអនឡាញ ព្រមទាំងការលើកកម្ពស់ជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់លើពាណិជ្ជកម្មឌីជីថល។
លោកស្រីគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការកសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល ក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកកសាងអនាគតកម្ពុជាតាមរយៈពាណិជ្ជកម្មឌីជីថល ក្រសួងពាណិជ្ជកម្មបាននិងកំពុងបន្តខិតខំធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់សេវាធារណៈសំខាន់ៗ តាមថ្នាលអនឡាញ/ថ្នាលស្វ័យប្រវត្តិកម្ម ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ប្រព័ន្ធស្វ័យប្រវត្តិកម្មស្នើសុំចុះបញ្ជីកម្មសិទ្ធិបញ្ញា និងការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានាជាដើម ក៏ដូចជាដាក់ឱ្យដំណើរការប្រព័ន្ធ Commerce Call Center (1266) ដែលជាបណ្តាញទូរស័ព្ទសាធារណៈ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការសាកសួរព័ត៌មាន ទាក់ទងនឹងនីតិវិធីក្នុងការធ្វើពាណិជ្ជកម្មក្នុងប្រទេសនិងអន្តរជាតិ ដែលផ្តល់ជូនដោយមន្ត្រីជំនាញរបស់ក្រសួងផ្ទាល់។
កាលពីឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ក៏បានបង្កើតទីផ្សារអេឡិចត្រូនិក B2B2C ដំបូងបង្អស់របស់ថ្នាក់ជាតិ និងថ្នាល CambodiaTrade.com គឺដើម្បីផ្តល់ជា Platform មួយដែលសហគ្រាសធុនតូចនិងមធ្យមកម្ពុជា អាចចូលទៅប្រើប្រាស់ដោយឥតគិតថ្លៃ ហើយសិប្បកម្មកែច្នៃទាំងអស់ ក៏អាចដាក់លក់ផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារក្នុងស្រុក និងផ្សារអន្តរជាតិបានផងដែរ។
សូមជម្រាបជូនថា «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២» មានការចូលរួមថ្លែងសុន្ទរកថាគន្លឹះស្តីពី«ការកសាងកម្ពុជាឌីជីថលដ៏ឆ្លាតវៃ និងសុវត្ថិភាព៖ យុវជន នវានុវត្តន៍ និងទំនុកចិត្តក្នុងយុគសម័យ AI»ដោយ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២ នៃវេទិកា(ថ្ងៃទី១៣ ខែកកញ្ញា ឆ្នាំ២០២៥) កិច្ចពិភាក្សារយៈពេល ២ថ្ងៃ ក្រោមប្រធានបទ៖ គោលការណ៍ណែនាំ និងអភិបាលកិច្ចសម្រាប់ក្រមសីលធម៌នៃពាណិជ្ជកម្មអនឡាញ, AI & E-Commerce – ការកើនឡើងនៃទីផ្សារវៃឆ្លាត, ដំណើរឆ្ពោះទៅសកល៖ បង្កើនការយល់ដឹងលើការពង្រីកអាជីវកម្មទៅកាន់ទីផ្សារអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម, ការជឿទុកចិត្តរបស់អតិថិជន និងអត្តសញ្ញាណឌីជីថល និងតួនាទីនៃ E-Commerce Trustmarks, របៀបបង្កើនប្រាក់ចំណូលជាមួយបណ្តាញសង្គម, កម្មវិធីពិភាក្សាដេញដោលយុវជន ព្រមទាំងការដាក់តាំងបង្ហាញនូវផលិតផលនិងសេវាកម្មនានា តាមស្តង់ និងតាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល CambodiaTrade.com ផងដែរ៕