ខែដំបូងនៃការអនុវត្តពន្ធសូន្យ, អាមេរិកនាំទំនិញមក កម្ពុជាកើនឡើងជាង១១០% ខណៈការនាំចេញរបស់កម្ពុជាទៅអាមេរិកក្នុងទឹកប្រាក់ ១.៣ពាន់លានដុល្លារ (Video insde)

12-09-2025 18:43

(ភ្នំពេញ)៖ បន្ទាប់ពីកម្ពុជាទម្លាក់អត្រាពន្ធសូន្យលើការនាំចូលទំនិញពីសហរដ្ឋអាមេរិក មកកាន់ទីផ្សារកម្ពុជាដែលបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែសីហាមក ក្នុងរយៈពេលមួយខែដំបូងនេះ ការនាំចូលទំនិញពីអាមេរិកមកកាន់កម្ពុជា បានកើនឡើងរហូតដល់ជាង១១០% ខណៈការនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកវិញក៏ល្អប្រសើរផង។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល១ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ១.៣ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក កើនឡើង១២.១១% ខណៈអាមេរិកនាំចូលមកកាន់ទីផ្សារកម្ពុជាវិញក្នុងតម្លៃ ៤១លានដុល្លារ កើនឡើង១១០.៦%។

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចទម្លាក់ពន្ធបដិការលើទំនិញនាំចូលពីកម្ពុជាដល់១៩%។ ការសម្រេចនេះ ធ្វើឡើងក្រោមការចរចារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ដែលធ្វើឱ្យអាមេរិកសម្រេចបញ្ចុះពន្ធពី៤៩%មក ៣៦% ហើយមកត្រឹម ១៩%។ ចំណែកកម្ពុជា បានសម្រេចទម្លាក់អត្រាពន្ធលើទំនិញអាមេរិកដែលនាំមកកម្ពុជា ដល់សូន្យភាគរយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បន្ទាប់ពីកម្ពុជានិងសហរដ្ឋអាមេរិក អនុវត្តពន្ធបដិកាថ្មីដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានជំរុញការធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរកាន់តែល្អប្រសើរជាងមុន ទាំងការនាំចូលទំនិញពីសហរដ្ឋអាមេរិក និងការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកវិញ។

លោកបានលើកឡើងថា កំណើននៃការនាំចូលទំនិញពីអាមេរិកកើនដល់ជាង១០០%នេះ ដោយសារកម្ពុជាទិញទំនិញប្រភេទធំៗពីសហរដ្ឋអាមេរិកដូចជា រថយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំអេឡិចត្រូនិក និងឱសថ ជាដើម។

លោកបន្ថែមថា«ខ្ញុំនៅតែមានសុទិដ្ឋនិយមចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែមានកំណើន អាមេរិកនៅតែជាទីផ្សារធំមួយរបស់កម្ពុជា ដែលយើងធ្លាប់ផលិតផលិតផលដែលជាឯកទេសនីយកម្មរបស់កម្ពុជា ដូចជាសម្លៀកបំពាក់ គ្រឿងវាយណភ័ណ្ឌ ស្បែកជើង កាបូបធ្វើដំណើរ គ្រឿងបន្លាស់មួយចំនួន»។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិក សម្រេចបាន៨.៥ពាន់លានដុល្លារ កើនឡើង២៣.៦% ក្នុងនោះកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក ក្នុងតម្លៃ៨.៣ពាន់លានដុល្លារ កើនឡើង២៣.២% និងអាមេរិកនាំចូលមកវិញក្នុងតម្លៃ ២៤៣លានដុល្លារ កើនឡើង៣៩.៨%៕