មន្ដ្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញឱ្យការដឹកជញ្ជូនបន្លែផ្លែឈើស្រស់ពីកម្ពុជាទៅចិន កាន់តែលឿន និងចំណាយតិច (Video inside)

12-09-2025 20:05

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញឱ្យការដឹកជញ្ជូនបន្លែផ្លែឈើស្រស់ពីកម្ពុជាទៅចិន កាន់តែលឿន និងចំណាយតិច ជាពិសេសទំនិញ ឲ្យបានឆាប់ទៅដល់ទីផ្សាររបស់ចិន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកញ្ញានេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹង បានបង្ខិតសេដ្ឋកិច្ចកម្ពុជា ឬក៏បានសម្រួលដល់វិស័យពាណិជ្ជកម្មកម្ពុជា ជាពិសេសទំនិញ ឲ្យបានឆាប់ទៅដល់ទីផ្សាររបស់ចិន ទំនិញបន្លែ និងផ្លែឈើស្រស់ ត្រូវការពេលខ្លីជាងមុន»

បើតាមលោក ប៉ែន សុវិជាតិ, ថ្មីៗ កម្ពុជាទើបនឹងបានចុះអនុស្សារណៈ ជាមួយប្រទេសចិន នៅក្នុងការលក់បន្លែ និងផ្លែឈើគុណភាពខ្ពស់ ដើម្បីឲ្យទីផ្សារចិនទទួលទិញ ហើយក្រុមហ៊ុនចិន មានក្ដីសប្បាយរីករាយ បន្ទាប់ពីបានធ្វើតេស្តសាកល្បងទីផ្សារ ជាមួយនឹងទំនិញកម្ពុជា។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការចុះហត្ថលេខា លើអនុស្សារណៈនៃការទិញបន្លែ និងផ្លែឈើគុណភាពខ្ពស់ ពីកម្ពុជាទៅកាន់ប្រទេសចិននោះ មានការកំណត់ទឹកប្រាក់ រហូតដល់៣០លានដុល្លារ ក្នុងរយៈពេល២ឆ្នាំ ដើម្បីឲ្យកម្ពុជាផ្គត់ផ្គង់ បន្លែ និងផ្លែឈើ មានគុណភាពខ្ពស់ ទៅកាន់ទីផ្សារចិន៕