យល់ដឹងពីជំនួញ៖ អ្នកជំនួញស្ត្រីជោគជ័យ ផ្តល់យោបល់សម្រាប់អ្នកមានលុយ តើគួរចាប់ឱកាសវិនិយោគទៅលើការផលិតផលិតផលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ឬយកលុយដាក់ធនាគារ ទទួលបានការប្រាក់ (Video inside)

14-09-2025 13:02

(ភ្នំពេញ)៖ ស្ថាបនិកក្រុមហ៊ុនផលិតនំស្រួយលីលី ដែលជាសហគ្រាសផលិតនំធំមួយនៅកម្ពុជា បានលើកឡើងថា ស្របពេលដែលពលរដ្ឋកម្ពុជា ធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ គឺជាឱកាសល្អសម្រាប់ការវិនិយោគទៅលើការផលិតផលិតផលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ពិសេសអ្នកដែលសល់លុយច្រើន តែដឹងវិនិយោគអ្វី។

លោកស្រីបានលើកឡើងថា សម្រាប់អ្នកដែលមានលុយច្រើន ហើយយកលុយទៅដាក់នៅធនាគារ ដើម្បីទទួលបានការប្រាក់ ពួកគាត់ នឹងទទួលបានអត្រាការប្រាក់ថេរ ប៉ុន្តែប្រសិនបើគាត់យកលុយនោះមកវិនិយោគ អាចនឹងផ្តល់ផលចំណេញលើសការទទួលបានការប្រាក់ ប៉ុន្តែវាក៏ប្រឈមនឹងការខាតបង់ដូចគ្នា។

ដូច្នេះលោកស្រី កែវ មុំ បានលើកជាយោបល់យ៉ាងដូច្នេះថា ប្រសិនបើអ្នកមានធនធានច្រើន ហើយចាប់អារម្មណ៍ក្នុងការវិនិយោគទៅលើការផលិតផលិតផលផ្សេង ត្រូវឱ្យច្បាស់ថា ខ្លួនជំនាញទៅលើអាជីវកម្មនោះកម្រិតណា?

លោកស្រីមានប្រសាសន៍ថា ប្រសិនបើចង់ឱ្យអាជីវកម្មនោះ រីកចម្រើន ទទួលបានផលចំណេញច្រើន លុះតែគាត់យកចិត្តទុកដាក់ ចាំប្រឹក្សាយោបល់ និងគ្រប់គ្រងឱ្យបានដិតដល់។​

ប្រសិនបើគ្រាន់តែមានលុយ ហើយជួលអ្នកមកមើលការខុសត្រូវជំនួស ដោយមិនបានទៅមើលថែដិតដល់ ក៏អាចជួបហានិភ័យដែរ​ ដោយសារតែគ្មានមូលដ្ឋានគ្រឹះនៃការផលិតពិតប្រាកដ និងគ្មានជំនាញក្នុងការគ្រប់គ្រងអាជីវកម្ម។

សូមស្តាប់ការពន្យល់បន្ថែមរបស់ ឧកញ៉ា កែវ មុំ៖