អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ការបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យចិនមកទិញកសិផលពីកម្ពុជាដោយផ្ទាល់ មិនមែនតាមរយៈថៃដូចមុន (Video inside)

14-09-2025 16:35

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យចិនមកទិញកសិផលពីកម្ពុជា ដោយផ្ទាល់មិនមែនតាមរយៈថៃដូចមុន ដូច្នេះការចុះទិញដោយផ្ទាល់នេះ នឹងផ្ដល់ផលចំណេញដល់កម្ពុជា ពិសេសប្រជាកសិករដែលដាំដំណាំ។

លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា បន្ទាប់ពីការបិទព្រំដែនទំនិញរបស់កម្ពុជាមានខ្លះកកស្ទះ ព្រោះថា ថៃទិញទំនិញពីកម្ពុជា គឺលក់បន្ដឲ្យប្រទេសចិន ដូច្នេះការបិទព្រំដែននេះនឹងធ្វើឲ្យទំនិញដែលផ្គត់ផ្គង់ទៅចិនមានការខ្វះខាត ដែលធ្វើឲ្យចិនមកទិញទំនិញដោយផ្ទាល់ពីកម្ពុជា និងមិនឆ្លងកាត់ប្រទេសថៃទៀតឡើយ។

លោកបានបញ្ជាក់ថា «ឥឡូវនេះចិនបានមកទិញទំនិញដោយផ្ទាល់ពីកម្ពុជា ដែលពីមុនធ្លាប់តែទិញបន្ដឲ្យថៃ ឬវៀតណាម។ ចំពោះប្រទេសវៀតណាម គឺនៅតែបន្ដការទិញទំនិញពីកម្ពុជា លក់បន្ដឲ្យប្រទេសចិនដដែល។ ទំនិញដែលកន្លងមកធ្លាប់តែកកស្ទះ ដោយសារតែការបិទព្រំដែននេះ ឥឡូវគឺមិនមានការកកស្ទះទៀតនោះទេ»

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ជាក់ស្ដែងដូចដំណាំពោតក្រហម ពីមុន គឺយើងធ្លាប់លក់ឲ្យប្រទេសថៃ ហើយថៃអាចនឹងលក់បន្ដឲ្យប្រទេសចិន ប៉ុន្ដែពេលនេះដំណាំពោតក្រហម ទោះមិនបាននាំចូលទៅកាន់ប្រទេសថៃដូចមុន តែត្រូវបានស្រូបទិញយកដោយទីផ្សារក្នុងស្រុក ព្រោះកម្ពុជាមានរោងចក្រផលិតចំណីសត្វ ដែលធ្វើចេញអំពីពោតក្រហមនេះ។ ដូច្នេះកសិករដែលដាំដំណាំពោតក្រហម និងត្រូវប្រមូលផលនូវអំឡុងពេល២ខែខាងមុននេះ គឺលែងមានបញ្ហាទៀតហើយ សូមកុំបានរម្ភ ព្រោះទីផ្សារក្នុងស្រុកមានតម្រូវការខ្ពស់ ក្នុងការប្រមូលទិញ។

លោកបានបន្ថែមទៀតថា សម្រាប់ដំណាំដំឡូងមីក៏មិនមានក្ដីកង្វល់ណាមួយទៀតឡើយ ព្រោះដំឡូងមីត្រូវបានទិញដោយផ្ទាល់ពីចិន ​ក្នុងនោះសូមលើកទឹកចិត្តឲ្យមានការកែច្នៃដំឡូងមីទៅជាម្សៅដំឡូងមី ដើម្បីអាចយកទៅប្រើប្រាស់តាមតម្រូវការផ្សងៗ ដូច្នេះកម្ពុជានឹងវិវត្តន៍ពីការនាំចេញវត្ថុធាតុដើម ទៅជាការកែច្នៃក្នុងការនាំចេញ៕