ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារ RCEP សម្រេចបានទឹកប្រាក់ ៣.៣៦ពាន់លានដុល្លារ កើនឡើង ១០% ក្នុងខែសីហា ឆ្នាំ២០២៥ (Video inside)
15-09-2025 16:19
(ភ្នំពេញ)៖ ក្នុងខែសីហា ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារ RCEP សម្រេចបាន ៣.៣៦លានដុល្លារ កើនឡើង១០.២៩% បើធៀបនឹងរយៈពេល ១ខែដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ ៣.០៤ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
យោងតាមរបាយការណ៍ដដែលនេះបានបញ្ជាក់ថា កម្ពុជានាំចេញទៅកាន់បណ្តាប្រទេសនានា ដែលជាសមាជិករបស់កិច្ចព្រមព្រៀង RCEP ក្នុងទំហំទឹកប្រាក់ជាង ៨៥១លានដុល្លារ និងនាំចូលមកវិញក្នុងទំហំទឹកប្រាក់ ២.៥១ពាន់លានដុល្លារ កើនឡើង១៤.២៦%។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជាព្យាយាមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ដោយមិនផ្តោតទៅតែទីផ្សារតែមួយឡើយ។ លោកបន្ថែមថា ទន្ទឹមនឹងកម្ពុជាមានទីផ្សារធំៗ ដូចជាអាមេរិក ចិន អឺរ៉ុប ក៏ព្យាយាមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនទៀតផងដែរ។
ទន្ទឹមគ្នាកម្ពុជា នឹងចរចាកិច្ចព្រមព្រៀងសេរីជាមួយអង់គ្លេស និងកាណាដាបន្ថែមទៀត ព្រមទាំងជំរុញការនាំចេញទៅកាន់ប្រទេសក្នុងតំបន់ផ្សេង ពោលគឺ ក្នុងឋានៈកម្ពុជា ជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ប្រព័ន្ធពាណិជកម្មពហុនិយម គឺជាគោលការណ៍ចម្បងទី១ ដែលកម្ពុជាអនុវត្ត។ ទន្ទឹមនឹងនេះ កម្ពុជាក៏ប្រើប្រាស់ប្រព័ន្ធទ្វេភាគី និងពហុភាគី នៅក្រោមក្របខណ្ឌអាស៊ានផងដែរ។
បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងខែសីហា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ាន សម្រេចបាន ១.២៩ពាន់លានដុល្លារ ថយចុះ០.៣៩%។ ក្នុងនោះកម្ពុជានាំចេញក្នុងតម្លៃ ៤៤៧លានដុល្លារ កើនឡើង៤.៥៦% និងនាំចូលមកវិញក្នុងតម្លៃជាង ៨៤៣ លានដុល្លារ ថយចុះ២.៨៣%។
គួរជម្រាបផងដែរថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ មានសមាជិកចំនួនប្រទេស១៥ មានដូចជា ប្រ៊ុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី ថៃ, វៀតណាម, ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលសេឡង់៕