សហគមន៍កសិកម្មនៅខេត្តព្រះវិហារ ចុះហត្ថលេខាលើកិច្ចសន្យា ជំរុញកសិកម្មសរីរាង្គ, ក្រុមហ៊ុន អេមរុ រ៉ាយស៍ នឹងចុះទិញអង្ករសរីរាង្គ ២៥,០០០តោន ពី២៩សហគមន៍កសិកម្ម
17-09-2025 10:55
(ព្រះវិហារ)៖ ពិធីចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មដ៏សំខាន់មួយ បានធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយពង្រឹងភាពជាដៃគូរវាងសហគមន៍កសិកម្ម នៅខេត្តព្រះវិហារ ក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់វិស័យកសិកម្មសរីរាង្គរបស់កម្ពុជា ដោយធានាបាននូវទីផ្សារស្ថិរភាពសម្រាប់កសិករក្នុងស្រុក និងការពង្រឹងជំហរនៃវិស័យកសិកម្មរបស់ប្រទេសនៅក្នុងទីផ្សារពិភពលោក។
ព្រឹត្តិការណ៍នេះ គឺជាការបន្តនៃភាពជាដៃគូដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យកសិកម្មដែលមានរចនាសម្ព័ន្ធ និងការគាំទ្រកាន់តែច្រើន។ ភាពជោគជ័យនៃភាពជាដៃគូសាធារណៈ ឯកជន ផលិតករនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម។ ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវក្របខ័ណ្ឌគាំទ្រ សម្រាប់ការធ្វើកសិកម្មតាមកិច្ចសន្យាតាមរយៈគោលនយោបាយ ការបណ្តុះបណ្តាល និងការសម្របសម្រួលទីផ្សារជាដើម។
ក្រុមហ៊ុន អេមរុ រ៉ាយស៍ ដែលត្រូវបានគេស្គាល់ថាជាគំរូអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាអ្នកត្រួសត្រាយផ្លូវក្នុងវិធីសាស្រ្តអាជីវកម្មប្រកបដោយបរិយាបន្ននេះ។ ក្រុមហ៊ុនធ្វើការដោយផ្ទាល់ជាមួយកសិករខ្នាតតូច ដោយផ្តល់ជំនួយបច្ចេកទេស និងការធានាបាននូវទីផ្សារសម្រាប់ផលិតផលសរីរាង្គរបស់ពួកគេ។
វិធីសាស្រ្តនេះ មិនត្រឹមតែធានាបាននូវការនាំចេញដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឲ្យក្រុមហ៊ុនផ្តល់តម្លៃបុព្វលាភបន្ថែមដល់កសិករផងដែរ។ ដូចគ្នានេះដែរ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលជាដៃគូសំខាន់ក្នុងការធ្វើពិពិធកម្មការនាំចេញកសិផល ផ្តោតលើការជួយគាំទ្រកសិករខ្នាតតូចទៅជាសហគ្រិន។ ក្រុមហ៊ុនសាជីវកម្ម សហគមន៍កសិកម្មកម្ពុជា គាំទ្រសហគមន៍កសិកម្ម ដោយផ្តល់ជំនួយបច្ចេកទេស លទ្ធភាពទទួលបានទីផ្សារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ជួយពួកគេបន្ថែមតម្លៃដល់ដំណាំកសិកម្ម និងលើកកម្ពស់ជីវភាពរបស់ពួកគេ។
«ពិធីចុះហត្ថលេខាពាណិជ្ជកម្មស្រូវអនាម័យនៅខេត្តព្រះវិហារ មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ ប៉ុន្តែជាការប្តេជ្ញាចិត្តចំពោះកសិករ ចំពោះកសិកម្មប្រកបដោយចីរភាព និងចំពោះកិត្តិយសរបស់កម្ពុជា ក្នុងនាមជាប្រទេសផលិតស្រូវសរីរាង្គឈានមុខ។ តាមរយៈកិច្ចសហការជាមួយសហគមន៍កសិករ ២៩ និងកសិករជាង ៣,៧០០ នាក់ អេមរុ រ៉ាយស៍ កំពុងធានាថា កសិករទទួលបានតម្លៃសមរម្យ ទីផ្សារដែលមានស្ថិរភាព និងឱកាសនាំស្រូវអនាម័យកម្ពុជា ទៅកាន់ពិភពលោក។ ពួកយើងកំពុងកសាងមិនត្រឹមតែការរីកចម្រើនទេ ប៉ុន្តែថែមទាំងកសាងកិត្តិយស និងភាពរុងរឿងសម្រាប់សហគមន៍កសិកររបស់យើងផងដែរ»។ នេះជាការបញ្ជាក់របស់លោក សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន អេមរុ រ៉ាយស៍ (កម្ពុជា)។
ក្រុមហ៊ុន អេមរុ រ៉ាយស៍ នឹងចុះកិច្ចព្រមព្រៀងទិញអង្ករសរីរាង្គចំនួន ២៥,០០០តោន ពី២៩ សហគមន៍កសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ជាង ៣,៧០០ គ្រួសារ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា នឹងចុះកិច្ចព្រមព្រៀងទិញដំឡូងមីសរីរាង្គប្រមាណ ៥៥,០០០ តោនពី ៩ សហគមន៍កសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ជាង ១,៤០០ គ្រួសារ។ កិច្ចសន្យានេះមានតម្លៃសរុបប្រមាណជា ១២ លានដុល្លារអាមេរិក (ប្រមាណជា ៥ លានដុល្លារសម្រាប់ស្រូវ និង ៧ លានដុល្លារសម្រាប់ដំឡូងមីសរីរាង្គ ដែលមានប្រហែល ១.៥លានដុល្លារជាបុព្វលាភដែលនឹងត្រូវបង់ទៅឲ្យសហគមន៍ និងកសិករ)។ ការណ៍នេះ គឺជាលទ្ធផលផ្ទាល់នៃការប្តេជ្ញាចិត្តរួមគ្នា របស់ដៃគូទាំងអស់ ដើម្បីជម្នះបញ្ហាប្រឈមដូចជាការប្រែប្រួលអាកាសធាតុ និងការអនុលោមតាមស្តង់ដារសរីរាង្គថ្មីរបស់សហភាពអឺរ៉ុប (EU Reg ២០១៨/៨៤៨)។
លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានលើកឡើងពីអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់តំបន់។ «ខ្ញុំសង្ឃឹម និងជឿជាក់ថា ជីវភាពរស់នៅរបស់ប្រជាកសិករយើង នៅក្នុងខេត្តព្រះវិហារនឹងមានភាពប្រសើរឡើងបន្ថែមទៀត តាមរយៈការកើនឡើងនៃទិន្នផល កាត់បន្ថយថ្លៃដើមផលិតកម្ម និងការកើនឡើងនៃប្រាក់ចំណូលគ្រួសារ ដែលជាលទ្ធផលនៃកិច្ចសន្យាកសិកម្មនេះ»។ លោកបានបន្ថែមថា «ចំណូលនេះ គឺជាការរួមចំណែកផ្ទាល់ក្នុងការបង្កើនផលិតផលក្នុងស្រុកសរុបរបស់ជាតិ»។
ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានកត់សម្គាល់ពីតួនាទីនៃកិច្ចសន្យានេះដល់ កំណើនសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា «សម្រាប់រយៈពេល ៨ខែ នៃឆ្នាំ ២០២៥ នេះ ការនាំចេញស្រូវអង្ករកម្ពុជាមានកំណើនគួរឲ្យកត់សម្គាល់ ដែលយើងបាននាំអង្ករចេញបានចំនួន ៤៧២ ៨០៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៣៤៨,១៨ លានដុល្លារអាមេរិក ដែលមានកំណើនជិត ២០% និងការនាំចេញស្រូវបានចំនួន៤ ៨៤៨ ៨៣៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណជា ១ ១១៤,២៥ លានដុល្លារអាមេរិកដែលមានកំណើនប្រមាណជា ៥៤%។ ការកើនឡើងនៃការនាំចេញទាំងនេះ បាននាំមកនូវប្រាក់ចំណូលជិត ១៤០០លានដុល្លារអាមេរិក ដល់សេដ្ឋកិច្ចជាតិ ហើយកំណើនទាំងអស់នេះបានមកពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគី និងអ្នកពាក់ព័ន្ធ ជាពិសេសកសិកររបស់យើង»។
«ក្រុមហ៊ុន Nordic Food Partners មានកិត្តិយសយ៉ាងខ្លាំង ក្នុងការជាដៃគូអន្តរជាតិដំបូងជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ ចាប់តាំងពីឆ្នាំ ២០១៥ ក្នុងដំណើរការអភិវឌ្ឍ ស្រូវសរីរាង្គកម្ពុជា។ ពិធីចុះហត្ថលេខាពាណិជ្ជកម្មនៅខេត្តព្រះវិហារ ថ្ងៃនេះ បង្ហាញពីជំនឿ ទំនុកចិត្ត និងការរួមចំណែកជាងដប់ឆ្នាំ។ យើងជឿជាក់ថា ស្រូវអនាម័យកម្ពុជា មានទីតាំងពិសេសនៅក្នុងទីផ្សារអន្តរជាតិ ហើយជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ និងសហគមន៍កសិករ យើងនឹងបន្តនាំយកស្រូវសរីរាង្គមានគុណភាពខ្ពស់ និងប្រកបដោយចីរភាព ពីវាលស្រែព្រះវិហារ ទៅតុអាហាររបស់អ្នកទិញជុំវិញពិភពលោក»។ ជាការលើកឡើង របស់លោក René Borgholt, អគ្គនាយក ក្រុមហ៊ុន Nordic Food Partners A/S ។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មនៅខេត្តព្រះវិហារថ្ងៃនេះ ជាគំរូដ៏មានឥទ្ធិពល និងតម្លៃនៃកិច្ចសហការ ជោគជ័យ រវាង វិស័យសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។ តាមរយៈការកសាងភាពជាដៃគូដ៏រឹងមាំរវាងសហគមន៍កសិកម្ម ក្រុមហ៊ុនឈានមុខគេដូចជា ក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសជាតិកំពុងកសាងសេដ្ឋកិច្ចកសិកម្មប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ ពង្រឹងសន្តិសុខស្បៀង និងរួមចំណែកជំរុញផលិតផលក្នុងស្រុកសរុបរបស់ជាតិ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះបង្ហាញពីផ្លូវឆ្ពោះទៅមុខយ៉ាងច្បាស់លាស់ សម្រាប់វិស័យកសិកម្មរបស់កម្ពុជានៅក្នុងទីផ្សារពិភពលោក៕