តំបន់ភូមិភាគឦសាន (ខេត្តក្រចេះ) នឹងមានកំពង់ផែពហុបំណងដំបូងបង្អស់ នាពេលដ៏ឆាប់ៗខាងមុខ

18-09-2025 16:52

(ក្រចេះ)៖ កំពង់ផែពហុបំណងដំបូងបង្អស់ នៅខេត្តក្រចេះ នៃតំបន់ភូមិភាគឦសានកម្ពុជា នឹងលេចចេញរូបរាងក្នុងពេលឆាប់ៗនេះ ដែលនឹងជួយបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និងការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹងវិសាលភាពនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ឱ្យបានកាន់តែល្អប្រសើរ។

កំពង់ផែពហុបំណងដំបូងបង្អស់ នៅតំបន់ភូមិភាគឦសាននេះ គ្រោងសាងសង់នៅលើផ្ទៃដីទំហំ ៦ ហិកតាដែលស្ថិតក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយរួមបញ្ចូលទាំងគម្រោងសាងសង់ពង្រីកផ្លូវលំក្រាលគ្រួសក្រហម ឱ្យក្លាយទៅជាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ ខ្សែ ប្រវែង ៩៤ គីឡូម៉ែត្រ ។កំពង់ផែពហុបំណង ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្រ្ទី ឯ.ក។

នាថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០២៥ លោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) និងលោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណងនេះផងដែរ។ ការចុះពិនិត្យដល់ទីតាំងគម្រោងនេះ មានការចូលរួមពីតំណាងក្រសួងសាធារណការ និង ដឹកជញ្ជូន (អមដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ), ក្រសួងអភិវឌ្ឍន៍ជនបទ, អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច ព្រមទាំងលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន, លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, តំណាងរដ្ឋបាលខេត្តក្រចេះ និង មន្ទីរជំនាញពាក់ព័ន្ធ ។

ការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធគន្លឹះ តាមរយៈការចូលរួមពីវិស័យឯកជន បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍ និងទំនុកចិត្ត របស់វិស័យឯកជន ទៅលើបរិយាកាសវិនិយោគ របស់ព្រះរាជាណាចក្រកម្ពុជា, ជាពិសេស សក្តានុពលដ៏រឹងមាំ របស់តំបន់ភូមិភាគឦសាន ។

គម្រោងសាងសង់កំពង់ផែពហុបំណងនេះ នឹងជួយបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និងការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹងវិសាលភាពនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ឱ្យបានកាន់តែល្អប្រសើរ ។ កំពង់ផែនេះ នឹងប្រែក្លាយភូមិសាស្រ្តខេត្តក្រចេះ ទៅជាមជ្ឈមណ្ឌលឡូជីស្ទីក នៃតំបន់ភូមិភាគឦសាន សំដៅគាំទ្រដល់ការដឹកជញ្ជូនផលិតផល និងកសិផលនានា ពីភូមិភាគឦសាន ទៅកាន់តំបន់ផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការគាំទ្រដល់ប្រព័ន្ធដឹកជញ្ជូនតភ្ជាប់ជាមួយនឹងព្រែកជីកហ្វូណនតេជោ នាពេលអនាគតផងដែរ ។

សូមជម្រាបជូនថា ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្រ្ទី ឯ.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Energy Engineering Group Co., Ltd. (CEEC) ដែលមានទីស្នាក់ការនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។ ក្រុមហ៊ុននេះ មានសាខាចំនួន ២៥៦ កន្លែង ក្នុងប្រទេសចំនួន ១៤០ និង មានជំនាញវិនិយោគលើឧស្សាហកម្មថាមពល និង ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក ដែលមានទ្រព្យសកម្មចុះបញ្ជីក្នុងឆ្នាំ ២០២៤ ប្រមាណ ១ ០០០ ពាន់លានដុល្លារអាមេរិក, មានបុគ្គលិកបម្រើការ ១៤ ម៉ឺននាក់ និង បានជាប់ក្នុងបញ្ជី Fortune Global ៥០០ចំនួន ១០ ឆ្នាំជាប់គ្នា ។

ក្រុមហ៊ុនបានគូសបញ្ជាក់អំពីបំណងក្នុងការទទួលបានការលើកទឹកចិត្ត និងការសម្របសម្រួលនីតិវិធីផ្សេងៗ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ។

គួរបញ្ជាក់ជូនថា កម្មវិធីពិសេសនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។

តាមរយៈនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ជាយន្តការ «ច្រកចេញចូលតែមួយ» ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ៕