ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ចុះទស្សនកិច្ចនៅទីតាំងគម្រោងវិនិយោគកសិកម្ម ដែលមានសក្តានុពល ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី

19-09-2025 13:11

(មណ្ឌលគិរី-រតនគិរី)៖ លោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ក.វ.ឦសាន ដោយមានការចូលរួមពីរដ្ឋបាលខេត្ត, មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចុះទស្សនកិច្ចនៅទីតាំងវិនិយោគកសិកម្ម របស់ក្រុមហ៊ុនបូរ៉ា គៀមនី អ៊ីមផត អិចផត ចំនួន២កន្លែង នៅក្នុងខេត្តមណ្ឌលគិរី និងរតនគិរី រួមមាន៖ ១៖ ទីតាំងប្រមូលទិញកសិផល ពីសហគមន៍កោះញែក ក្នុងភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី និង២៖ ស្នាក់ការគម្រោងកសិពាណិជ្ជកម្ម និងផលិតកម្ម ស្ថិតក្នុងភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងដំណើរទស្សនកិច្ចនេះ, ក្រុមការងារបានជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន និងបានស្វែងយល់អំពីសកម្មភាព និងផែនការវិនិយោគកសិកម្ម ដែលមានការចូលរួមពីសហគមន៍ និងការវិនិយោគបន្ថែមលើបច្ចេកវិទ្យាកសិកម្មទំនើប ស្របតាមស្តង់ដារ។ ជាមួយនេះ, ក្រុមការងារបានសិក្សាស្វែងយល់ អំពីបញ្ហាប្រឈមដែលក្រុមហ៊ុន និងសហគមន៍កំពុងជួបប្រទះ និងលទ្ធភាពក្នុងការទទួលបានការលើកទឹកចិត្ត ហិរញ្ញប្បទាន និងការសម្រួលនីតិវិធីវិនិយោគនានា ក្រោមវិសាលភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ។

ឆ្លៀតក្នុងឱកាសនោះ, លោកប្រធានលេខាធិការដ្ឋាន បានចែករំលែក និងផ្សព្វផ្សាយជូនវិនិយោគិន អំពីអត្ថប្រយោជន៍ជាច្រើន នៃកម្មវិធីពិសេសនេះ រួមមាន៖ ការលើកលែងពន្ធ, ការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យ, ការសម្រួលនីតិវិធី ដែលជួយគាំទ្រដល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់ ក៏ដូចជាលើកស្ទួយការអភិវឌ្ឍសហគមន៍ និងសហគ្រាសក្នុងស្រុក។

លោកប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន បានគូសរំលេចអំពីយន្តការ «ច្រកចេញចូលតែមួយ» របស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិនិយោគក្នុងភូមិភាគឦសាន ដោយផ្តល់ការលើកទឹកចិត្តពិសេស, សម្រួលដល់ដំណើរការវិនិយោគ និងដោះស្រាយឧបសគ្គផ្សេងៗ ដែលវិនិយោគិនបាន និង កំពុងជួបប្រទះ។

ការចុះទស្សនកិច្ចនៅទីតាំងវិនិយោគនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ ក.វ.ឦសាន ក្នុងការលើកទឹកចិត្ត និងគាំទ្រដល់វិនិយោគិនក្នុងវិស័យអាទិភាព ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះសេដ្ឋកិច្ច នៅក្នុងតំបន់ភូមិភាគឦសាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

ជាមួយគ្នានេះ, វិនិយោគិន ដែលមានបំណងចង់ទទួលបាន «អត្ថប្រយោជន៍ពិសេស» អាចដាក់ពាក្យស្នើសុំ ឬ ស្វែងរកព័ត៌មានលម្អិត តាមរយៈការិយាល័យ របស់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលមាន៥ទីតាំង៖

ទីតាំងទី១៖ ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ០៧៦ ៣៦៥ ២៧៧៥/ ០៩៧ ២៥៦ ៧១៧៤។
ទីតាំងទី២៖ ការិយាល័យស្ថិតនៅសាលាខេត្តក្រចេះ នៅខាងក្រោយសាលមហោស្រពក្រុងក្រចេះ ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ០០ ៦៦៤,
ទីតាំងទី៣៖ ការិយាល័យស្ថិតនៅសាលាខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ០០ ៦៦៣,
ទីតាំងទី៤៖ ការិយាល័យស្ថិតនៅសាលាខេត្តមណ្ឌលគិរី ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ១១ ៦៦៣,
ទីតាំងទី៥៖ ការិយាល័យស្ថិតនៅសាលាខេត្តរតនគិរី ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ១១ ៦៣៤៕