សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងពង្រឹងការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញាអង្ករនៅលើទីផ្សារ ដើម្បីជំរុញឱ្យតម្លៃស្រូវនៅកម្ពុជាមានតម្លៃសមរម្យ (Video inside)
19-09-2025 15:00
(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា បាននឹងកំពុងពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញានៅលើទីផ្សារ ដើម្បីជំរុញឱ្យតម្លៃស្រូវនៅកម្ពុជាមានតម្លៃសមរម្យ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ឡាយ ឈុនហួរ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ លើកកម្ពស់ជីវភាពកសិករ តាមរយៈកំណើន នាំ ចេញអង្ករកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះកត្ដាខ្លូនឯង អ្វីដែលអាចពង្រឹងបាន បច្ចុប្បន្ននេះ គឺសហព័ន្ធកំពុងតែពង្រឹង និងពង្រីកសក្ដានុពលរបស់ខ្លួន ទាក់ទងនឹងស្ដង់ដារចំណីអាហារ ដោយបង្កើតជាម៉ាកសញ្ញា ដើម្បីបានតម្លៃថ្លៃ កាលណាលក់ផលិតផលបានថ្លៃ ក៏អាចប្រមូលទិញពីប្រជាកសិករ បានក្នុងតម្លៃផងដែរ»។
បន្ថែមពីនោះទៀត ឧកញ៉ា ឡាយ ឈុនហួរ បានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា ក៏នឹងផ្ដោតសំខាន់លើការវិនិយោគនៅលើស្ដង់ដារ ដោយមកដល់ពេលនេះ វិស័យស្រូវអង្ករ ជាពេលដែលត្រូវពង្រឹងខ្លូនឯង ពង្រឹងស្ដង់ដារ និងការពារខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល ដើម្បីអនាគតស្រូវអង្កររបស់កម្ពុជា៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់ឧកញ៉ា ឡាយ ឈុនហួរ៖