ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ អង្ករកម្ពុជាទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋអាស៊ី នៅអឺរ៉ុប ខណៈក្រសួងពាណិជ្ជកម្មនិងសហព័ន្ធ​កំពុងខិតខំបើកទីផ្សារថ្មីៗបន្ថែមទៀត

19-09-2025 15:04

(ភ្នំពេញ)៖ ​ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឲ្យដឹងថា អង្ករកម្ពុជាទទួលបានការគាំទ្រខ្លាំងពី ពលរដ្ឋអាស៊ី ដែលរស់នៅអឺរ៉ុប ខណៈក្រសួងពាណិជ្ជកម្មនិងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិង​កំពុងខិតខំធ្វើពិពិធកម្មទីផ្សារ និងជំរុញការបើកទីផ្សារថ្មីៗបន្ថែមទៀត។

ការលើកឡើងរបស់លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​​ ពិភាក្សាលើប្រធានបទ៖ «យន្តការ​លើកកម្ពស់ជីវភាពកសិករ តាមរយៈកំណើន​នាំ​ចេញអង្ករកម្ពុជា»

​ឧកញ៉ា ឡាយ ឈុនហួរ បានថ្លែងថា ប្រជាពលដ្ឋ​អាស៊ីដូចជា កម្ពុជា ចិន វៀតណាមជាដើម ដែលកំពុងរស់នៅតំបន់អឺរ៉ុប ​បានគាំទ្រជាខ្លាំងលើអង្ករកម្ពុជា​ ដោយសារតែអង្ករកម្ពុជាមានគុណភាពល្អ និងមានក្លិនក្រអូប​ ខណៈបច្ចុប្បន្នអង្ករកម្ពុជា ដែលនាំចេញទីកាន់ទីផ្សារអឺរ៉ុប ​ទទួលបានការលើកលែងពន្ធ EBA ​ដែលធ្វើឱ្យអង្ករកម្ពុជាមានតម្លៃប្រកួតប្រជែង។ ​លោកបានកត់សម្គាល់ថា នៅក្នុងតំបន់អឺរ៉ុប វត្តមានអង្ករកម្ពុជា​ មានស្ទើគ្រប់ទីផ្សារ លើកលែងតែប្រទេស​ខ្លះ ដូចជាសហរដ្ឋអាមេរិក កា​ណាដា អូស្រ្ដាលីជាដើម ​ដោយសារពុំមានការផ្សព្វផ្សាយ​បានទូលំទូលាយ ដូច្នេះហើយពលរដ្ឋអាស៊ីទាំងនោះនៅតែបន្តប្រើអង្ករដែលមានស្លាកយីហោរបស់ប្រទេសដែល​នាំចូលមុនកម្ពុជាដដែល។

​ឧកញ៉ា ឡាយ ឈុនហួរ បានបន្ដថា ​ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា​កំពុងខិតខំធ្វើពិពិធកម្ម បើកទីផ្សារថ្មីៗ ក៏ដូចជាជំរុញការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឲ្យអង្កររបស់កម្ពុជាមានទីផ្សារកាន់តែច្រើន ព្រោះថា ដើម្បីឲ្យពលរដ្ឋប្រើប្រាស់ផលិតផលជាតិច្រើន ទល់តែមានអង្ករលក់លើទីផ្សារទាំងនោះ។

សូមស្ដាប់ការលើកឡើងរបស់ លោកឧកញ៉ា ឡាយ ឈុនហួរប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាទាំងស្រុង៖