យល់ដឹងពីជំនួញ៖ អ្នកជំនួញនាំចេញអង្ករអះអាងថា ការពង្រីកសតម្ថភាពឡសម្ងួត និងឃ្លាំងស្តុកស្រូវនឹងជំរុញឱ្យកម្ពុជា ឈានទៅសម្រេចបានផែនការនាំចេញអង្ករ (Video inside)

21-09-2025 14:57

​(ភ្នំពេញ)៖ ​ការពង្រីកនូវសមត្ថភាពឡសម្ងួត និងឃ្លាំងទុកដាក់ស្រូវ នឹងជំរុញឱ្យកម្ពុជាឈានទៅសម្រេចបានផែនការនាំចេញអង្ករ ១លានតោនក្នុងមួយឆ្នាំ​ ដូច្នេះហើយបានជាសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់សមាជិកសហព័ន្ធទាំងអស់​​ពង្រីកនូវសមត្ថភាព ឡសម្ងួត និងឃ្លាំងទុកដាក់ ដើម្បីធានាបាននូវស្តុកគ្រប់គ្រាន់សម្រាប់ជាស្តុកបម្រុង បម្រើដល់ការកិនកែច្នៃអង្ករ​នាំចេញឱ្យគ្រប់ផែនការនាំចេញមួយឆ្នាំមួយលានតោន។

ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​បានលើកឡើងថា បើសិនជានៅថ្ងៃ​អនាគត កម្ពុជាមានឃ្លាំង និងឡសម្ងួតគ្រប់គ្រាន់ ដើម្បីទិញស្រូវស្តុកទុ​ក នោះនឹងអាចបន្ថយបាននូវការហូរស្រូវចេញទៅប្រទេសជិតខាង ​ហើយម្ចាស់រោងម៉ាស៊ីននឹងមានស្តុកស្រូវគ្រប់គ្រាន់ ​ក្នុងការកិនកែច្នៃសម្រាប់នាំចេញ​ និងធ្វើឱ្យតម្លៃស្រូវកាន់តែល្អប្រសើរទៀតផង។

លោកបានគូសបញ្ជាក់ថា ការ​ផ្តល់ឱកាសឱ្យប្រទេសជិតខាងមកប្រមូលទិញស្រូវនៅកម្ពុជា អាចនឹងធ្វើឱ្យតម្លៃស្រូវនៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រង ឬក្រោមឥទ្ធិពលរបស់គេ ព្រោះថា បើគេ​ចុះមកទិញនឹងធ្វើឱ្យតម្លៃស្រូវឡើងថ្លៃ ប៉ុន្តែនៅពេលគេមិនចុះមកទិញ នោះតម្លៃស្រូវនឹងចុះថោកខ្លាំង ហើយករណីនេះក៏មិនបានផ្តល់ផលល្អសម្រាប់រោងម៉ាស៊ីនកិនស្រូវស្រុកដែរ។ ប៉ុន្តែយ៉ាងណាក្តីបច្ចុប្បន្ននេះកម្ពុជា មិនអាចបិទការនាំចេញស្រូវបានទាំងស្រុងនោះទេ។

បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបឡើងកាន់ដំណែងថ្មីថ្មោងរូបនេះ បច្ចុប្បន្ននេះកម្ពុជាមានសមត្ថភាពផលិតស្រូវ បានប្រមាណពី ១៤លានទៅ ១៥លានតោនក្នុងមួយឆ្នាំ។ ​ក្នុងនោះតម្រូវការក្នុងប្រទេស មានត្រឹមតែ ៥លានទៅ ៦លានតោនប៉ុណ្ណោះ។ សល់ប៉ុន្មានទៀត ត្រូវកិនកែច្នៃជាអង្ករសម្រាប់នាំចេញ និងមួយចំនួនទៀតត្រូវលក់ស្រូវទៅប្រទេសជិតខាង។

តែយ៉ាងណាមិញ កន្លងមកតាមរយៈការគាំទ្ររបស់រាជរដ្ឋាភិបាល បានជួយឱ្យរោងម៉ាស៊ីនផ្សេងៗ អាចប្រមូលទិញស្រូវពីកសិករ​អស់ពីលទ្ធភាព ក្នុងរដូវច្រូតកាត់។

ទន្ទឹមគ្នានេះ លោកលើកទឹកចិត្តដល់កសិករ ដែលអាចមានលទ្ធភាព ​ហាលសម្ងួតបានដោយខ្លួន គួរតែហាល ព្រោះការហាលឱ្យបាន​ស្ងួត និង​ទុកដាក់ឱ្យបានត្រឹមត្រូវ នឹងធ្វើឱ្យតម្លៃល្អជាងមុន ខណៈសព្វថ្ងៃនេះ ទីផ្សារ និងរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក មិនអាចស្រូបយកស្រូវដែលកសិករច្រូតកាត់បានភ្លាមៗ លើសពី​សមត្ថភាពឡសម្ងួតរបស់គាត់នោះទេ។

លើសពីនេះទៀត ​លោកបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិរបស់លោកក្នុងរយៈ ២ឆ្នាំនេះ លោកនឹងខិតខំក្នុងការពង្រីកទីផ្សារនាំអង្ករ ពង្រីកលទ្ធភាពក្នុងការប្រមូលទិញស្រូវពីកសិករឱ្យបានច្រើន ក្នុងតម្លៃល្អដល់កសិករ ដូច្នេះហើយក្នុងអាណត្តិថ្មីនេះ លោកនឹងផ្តោតខ្លាំងទៅលើការចេញផ្សព្វផ្សាយ ក៏ដូចជាជួបជាមួយអ្នកនាំចេញធំៗ៕

សូមស្ដាប់ការលើកឡើងរបស់លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាទាំងស្រុង៖