សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំសមាជិកចំនួន១៣ក្រុមហ៊ុន ចូលរួមពិព័រណ៍អាហារអន្តរជាតិ នៅប្រទេសអាឡឺម៉ង់

25-09-2025 11:10

(ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការជម្រុញការនាំចេញអង្ករកម្ពុជា តាមរយៈថវិកាបដិភាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករចំនួន ១៣ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតអង្ករ ដែលមានគុណភាពបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុត របស់ពិភពលោក ទៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិដ៏ធំជាងគេលើពិភពលោក ដែលមានឈ្មោះថា ANUGA 2025 (International Foods Industry Trade Fair) នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។

ការចូលរួមពិព័រណ៍អាហារអន្តរជាតិ ANUGA 2025 នេះ គឺជាការចូលរួមលើកទី ២របស់សហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុង បន្ទាប់ពីការចូលរួមលើកទី ១នៅក្នុងឆ្នាំ២០២៣។ សម្រាប់ការចូលរួមលើកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវពន្លាជាតិរួមមួយយ៉ាងស្រស់ស្អាត ក្នុងទំហំចំនួន ៩៦ ម៉ែត្រការ៉េ។

គោលបំណងនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិរព័ណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារ ដែលស្របទៅតាម គោលនបោយបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើស្ដង់ដារ និងលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។

គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ANUGA 2025 ត្រូវបានបង្កើតដំបូងឡើងតាំងពីឆ្នាំ ១៩១៩ ហើយមានការវិវត្តរីកចម្រើន និងក្លាយខ្លួនជាវេទិកាប្រមូលផ្ដុំដ៏សំខាន់ មួយសម្រាប់ពិភពលោករបស់អ្នកជំនាញ និងអ្នកធ្វើការសម្រេចចិត្តលើ ការរៀបចំគោលនយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ។

ក្រុមហ៊ុននាំចេញទាំង ១៣ ដែលបានចូលរួមតាំងបង្ហាញផលិតផល នៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារ ANUGA 2025 ស្ថិតក្រោមពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖

១ ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា)
២ ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត
៣ ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៉ីមផត អិចផត
៤ ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)
៥ ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត
៦ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៉ីមផត អិចផត ខូអិលធីឌី
៧ ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក
៨ ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍
៩ ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក
១០ ក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល
១១ ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី
១២ ក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ខូ អិលធីឌី
១៣ ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន