ជើងហោះហើរត្រង់រវាងទីក្រុងព្រះសីហនុរបស់កម្ពុជា និងទីក្រុងសិនជីនរបស់ចិន ចាប់ផ្តើមបើកដំណើរការហោះហើរជាផ្លូវការ (Video inside)

26-09-2025 12:59

(ព្រះសីហនុ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ក្រុងសិនជិន ប្រទេសចិន ដោយជោគជ័យ ដែលនឹងក្លាយជាគោលដៅដ៏សំខាន់មួយក្នុងទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិន។

ពិធីសម្ភោធបើកដំណើរជាផ្លូវការនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត បានអញ្ជើញទទួលអ្នកដំណើរតាមជើងហោះហើរពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ។

ជើងហោះហើរនេះ ជាជើងហោះហើរត្រង់ទី១ ដំណើរការដោយក្រុមហ៊ុនអាកាសចរជាតិ (Air Cambodia) ដែលបាននាំយកអ្នកដំណើរសរុបចំនួន ១៤៨នាក់ បានចុះចតដោយសុវត្ថិភាពនាម៉ោង ៦ និង៣០នាទីព្រឹក នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

គួររំលឹកផងដែរថា ខេត្តព្រះសីហនុធ្លាប់មានជើងហោះហើរត្រង់ទៅទីក្រុងស៊ិនជិនម្តងរួចមកហើយ តែត្រូវបានផ្អាកទៅវិញដោយសារវិបត្តិសកលកូវីដ-១៩។

ក្នុងបរិយាកាសដ៏សប្បាយរីករាយនេះលោកអភិបាលរង ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ មានសេចក្តីសោមនរីករាយយ៉ាងខ្លាំង ដោយមានជើងយន្តហោះត្រង់ ផ្ទាល់ពីប្រទេសចិន ដែលនាំយកភ្ញៀវទេសចរ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ មកកាន់ខេត្តព្រះសីហនុ។ បច្ចុប្បន្ន មានជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ មានចំនួន ៨ជើង និងមានការតភ្ជាប់បន្ថែមជាបន្តបន្ទាប់ទៀតផងដែរ។

ការភ្ជាប់ជើងហោះហើររវាង ខេត្តព្រះសីហនុ និងទីក្រុងសិនជិននេះ បន្ទាប់ពីមានការបើកជើងហោះហើររវាងភ្នំពេញ-សិនជិន និងសៀមរាប-សិនជិន ហើយវានឹងក្លាយជាគោលដៅដ៏សំខាន់មួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិន ប្រទេសចិន។

ការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺឆ្លើយតបពេញទំហឹងចំពោះយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានរៀបចំឡើងដោយ​រដ្ឋាភិបាលទាំងពីរ និងការពង្រីកគោលដៅថ្មីៗ ដើម្បីបំពេញតម្រូវការកំពុងកើនឡើងទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រជាជនទាំងពីរប្រទេស។

លើសពីនេះទៅទៀត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ​​​​​​​​​​​​​​​​​​​​នឹងគ្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីបន្ថែមមួយទៀត គឺភ្នំពេញ-ហ្វូជូ-តូក្យូ ដែលភ្ជាប់ក្រុងហ្វូជូ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់មួយ នៅប្រទេសចិនជាមួយកម្ពុជា និងជប៉ុន៕