CDC: តំបន់សេដ្ឋកិច្ចពិសេស​ទាំង​១៣​ នៅខេត្តស្វាយរៀង ដើរតួនាទីជាក្បាលម៉ាស៉ីន ក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋ

28-09-2025 09:59

(ស្វាយរៀង)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អមដោយសហការី​ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​មួយចំនួន​​ នៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់យក​ព័ត៌មានវឌ្ឍនភាព​ និងបញ្ហាប្រឈមផ្សេងៗរបស់​វិស័យឯកជន។

ឆ្លៀតក្នុងឱកាសនេះ​ លោកក៏បានជួបសំណេះសំណាលជាមួយអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស​ និងវិនិយោគិន​ នៃសមាគមសហគ្រាសវិនិយោគនៅកម្ពុជា។

តាមការពិនិត្យជាក់ស្តែង​ តំបន់សេដ្ឋកិច្ចពិសេស​ទាំង​១៣​ ដែលកំពុងដំណើរការបច្ចុប្បន្ននៅខេត្តស្វាយរៀង​ បាននិងកំពុងអភិវឌ្ឍនិងបន្តរីកចម្រើនគួរជាទីកត់សម្គាល់​ ជាពិសេស​ បានដើរតួនាទីជាក្បាលម៉ាស៉ីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន កំពុងមមាញឹកក្នុងការអភិឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រដែលនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការកម្មករនិយោជិតរាប់ពាន់កន្លែង​ ជូនបងប្អូនប្រជាពលរដ្ឋ​ ជាពិសេសចំពោះបងប្អូន​ ដែលទើបត្រឡប់ពីប្រទេសថៃ។

ជាមួយគ្នានោះ​ នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេសថ្មីៗ​មួយចំនួន​ ដូចជា​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ ហ័រស៊ាង​ អ៉ិនធើណេសិនណល់​ មានសហគ្រាសវិនិយោគខ្លះ​ កំពុងធ្វើការផលិតនូវផលិតផលពាក់កណ្តាលសម្រេច​ និងនាំចេញទៅប្រទេសចិនវិញ​ ដើម្បីផលិតជាផលិតផលសម្រេច​ ដែលនេះក៏ជា​សញ្ញាណ​ថ្មីមួយបន្ថែមទៀត សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។

សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស សម្រេចបាននេះ សបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាពិសេស ឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមវ័ន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕