អ្នកឧកញ៉ា សៀ ឫទ្ធី ចង់ឱ្យពលរដ្ឋខ្មែររក្សា​ផ្នត់គំនិតជាតិនិយមឱ្យបានយូរអង្វែង ដើម្បីឱ្យអ្នកផលិត​បន្តការផលិតមាននិរន្តភាព ខណៈលោកបន្តនឹងជួយគាំទ្រទាំងគំនិត និងហិរញ្ញវត្ថុ (Video inside)

29-09-2025 15:57

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group ចង់ឱ្យពលរដ្ឋខ្មែរ រក្សា​ផ្នត់គំនិតជាតិនិយមឱ្យបានយូរអង្វែង ដើម្បីឱ្យអ្នកផលិត​ បន្តការផលិតមាននិរន្តភាព ខណៈលោកបន្តនឹងជួយគាំទ្រទាំងគំនិត និងហិរញ្ញវត្ថុ ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា សៀ ឫទ្ធី អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា ស្ដីពី «កម្ពុជា៖ ទឹកដីប្រកបដោយសក្ដានុពល និងឱកាស» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

អ្នកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ដល់ជនរួមជាតិយើងទាំងអស់ ឲ្យមានស្មារតីជាតិ និងស្មារតីសាមគ្គីជាតិ ឲ្យបានយូរអង្វែង ដើម្បីជួយដល់ផលិតករយើង»

បន្ថែមពីនោះទៀត អ្នកឧកញ៉ា សៀ ឫទ្ធី សូមលើកទឹកចិត្ដ សូមឲ្យមានផ្នត់គំនិតជាតិនិយម ដែលយើងបាននឹងកំពុងមានហើយ នាពេលនេះ និងប្ដូរទម្លាប់ រវាងអ្នកប្រើប្រាស់ ព្រោះថា កន្លងមក មានអ្នកមួយចំនួន តែងតែផ្ដល់អ្វីដែលល្អ ទៅលើផលិតផលបរទេស ជាងផលិតផលខ្មែរខ្លួនឯង។

អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា ការគាំទ្រប្ដូរផ្នត់គំនិត និងប្ដូរទម្លាប់ រវាងអ្នកប្រើប្រាស់ ធ្វើឲ្យផលិតករក្នុងស្រុក មានឱកាសច្រើន នៅក្នុងការផលិតផលិតផល។

លើសពីនោះទៀត អ្នកឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងថា បើសិនជាផលិតករទាំងអស់ ចង់មានការគាំទ្រពីក្រុមហ៊ុន World Bridge Group គឺលោកបើកចិត្ដ ក្នុងការគាំទ្រផលិតករក្នុងស្រុក ដើម្បីឲ្យពួកគាត់អាចដំណើរការអាជីវកម្ម ដោយមិនត្រឹមតែផ្ដល់ថវិកាទេ គឺផ្ដល់ទាំងគំនិតថែមទៀតផង៕