អ្នកឧកញ៉ា សៀ ឫទ្ធី៖ កម្ពុជានៅមានឱកាសធំណាស់ ក្នុងការផលិតផលិតផលសម្រាប់នាំចេ​ញ ក្រៅពីផលិតផលកាត់ដេរ (Video inside)

29-09-2025 15:59

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group បានលើកឡើងថា ប្រទេសកម្ពុជានៅមានឱកាសធំណាស់ ក្នុងការផលិតផលិតផលសម្រាប់ការនាំចេញ ក្រៅពីផលិតផលកាត់ដេរ និងស្បែកជើង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា សៀ ឫទ្ធី អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា ស្ដីពី «កម្ពុជា៖ ទឹកដីប្រកបដោយសក្ដានុពល និងឱកាស» ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

អ្នកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ន យើងឃើញថា ប្រទេសកម្ពុជាការនាំចេញពី២៨ ទៅ២៩ ប៊ីលានដុល្លារ ក្នុងនោះឃើញថា សម្ភារៈកសិកម្មមានការនាំចេញ ខ្ទង់ប្រហែលជា១៩ភាគរយ ទៅ២០ភាគរយប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែសម្ភារៈកាត់ដេរ ខោអាវ និងស្បែកជើង [...] យើងនៅមានឱកាសធំណាស់ សម្រាប់ការផលិត និងការនាំចេញ»

បន្ថែមពីនោះទៀត អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា បើនិយាយអំពីវិស័យផលិត គឺមានឱកាសច្រើនណាស់ ដោយសារតែអ្នកវិនិយោគ យល់អំពីវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ គ្រាន់តែកម្ពុជាខ្វះឈ្មួញកណ្ដាលមួយ សម្រាប់ដាក់ការផលិតតែប៉ុណ្ណោះ។

ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកទឹកចិត្ដ សម្រាប់អ្នកប្រកបរបររកស៊ីលើវិស័យកសិកម្ម គឺជាវិស័យមួយ ដែលអន្ដរជាតិបាននឹងកំពុងចាប់អារម្មណ៍ ពីព្រោះថា ប្រទេសកម្ពុជា មានប្រជាជនតិច តែទឹកដីធំ ដូច្នេះការផលិតមកច្រើន តែអ្នកបរិភោគនៅតិច ចឹងនៅសល់ច្រើន៕