អ្នកឧកញ៉ា សៀ ឫទ្ធី លើកទឹកចិត្តម្ចាស់អាជីវកម្មប្តូរទម្លាប់ ពីការធ្វើអាជីវកម្មបែបលក្ខណៈគ្រួសារ ទៅជាការធ្វើបែបលក្ខណៈបែបក្រុមហ៊ុន ដើម្បី​ត្រៀមខ្លួន​ទទួលដៃគូពីបរទេស (Video inside)

29-09-2025 16:12

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុប បានថ្លែងលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្ម ប្តូរទម្លាប់ពីការធ្វើអាជីវកម្មបែបលក្ខណៈគ្រួសារ ទៅជាការធ្វើបែបលក្ខណៈបែបក្រុមហ៊ុន ដើម្បី​ត្រៀមខ្លួន​ទទួលដៃគូពីបរទេស។

ការលើកឡើងរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ធ្វើឡើងក្នុងឱកាសអ្នកឧកញ៉ា អញ្ជើញចូលរួមក្នុងពិធីពិព័រណ៌ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»

អ្នកឧកញ៉ា សៀ ឫទ្ធី បានថ្លែងឲ្យដឹងថា «ខ្ញុំសូមលើកទឹកចិត្តឲ្យផលិតករ ព្យាយាមដើរចេះក្រៅឲ្យបានច្រើន ដើម្បីស្វះស្វែងរកនូវចំណេះដឹងថ្មីៗ ការសហការជាមួយផលិតករក្នុងស្រុក ការរួបរួមគ្នា ការជួបជុំពិភាក្សាគ្នា ពិសេសវិស័យសហគ្រាសធុនតូច និងមធ្យម»

អ្នកឧកញ៉ាបានបញ្ជាក់ថា ការទាក់ទាញវិនិយោគមកពីបរទេសជារឿងសំខាន់មួយ ដែលមិនអាចចោលបាន ព្រោះការវិនិយោគពីបរទេសនឹងធ្វើឲ្យអាជីវកម្មដើរទៅមុខ។ ក្នុងនោះយើងត្រូវរៀនសូត្រពីការធ្វើជំនួញរបស់បរទេស ព្រោះការសហការអាជីវកម្មជាមួយនឹងបរទេស មិនត្រឹមតែជួយដល់ការធ្វើអាជីវកម្មរបស់យើងប៉ុណ្ណោះទេ តែយើងក៏ទទួលបានហិរញ្ញវត្ថុ ចំណេះដឹងថ្មីៗ និងការបើកទីផ្សារដល់អាជីវកម្មផងដែរ។

អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថា កាលណាមានបរទេសចូលទីផ្សារកម្ពុជា គឺនេះជាការបើកទីផ្សារ ប៉ុន្ដែអ្វីដែលជាបញ្ហាចម្បងនោះគឺ ត្រូវសួរខ្លួនឯងថា តើអាជីវកម្មរបស់យើងនេះបានត្រៀមខ្លួនរួចឬនៅ ក្នុងការទទួលដៃគូជាជនបរទេសនេះ។ ដូច្នេះសូមលើកទឹកចិត្តម្ចាស់អាជីវកម្មប្តូរទម្លាប់ពី​ ការធ្វើអាជីវកម្មបែបលក្ខណៈគ្រួសារ ទៅជាការធ្វើបែបលក្ខណៈបែបក្រុមហ៊ុន ដើម្បីត្រៀមខ្លួន​ទទួលដៃគូពីបរទេស៕