សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត​ ​មិនចង់ឃើញពលរដ្ឋខ្មែរ ឈ្លោះ និងប្រមាថគ្នាដោយសារពាក្យថា «ពហិការ» ​ដែលនាំឱ្យជាតិបែកបាក់ (Video inside)

29-09-2025 16:46

(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានសង្ឃដីកា​​ថា ពេលដែលប្រទេសពីរមានជម្លោះជាមួយគ្នា តែងតែធ្វើពហិការទៅវិញទៅមក ប៉ុន្តែយ៉ាងនេះក្តីព្រះអង្គមិនចង់ឃើញពលរដ្ឋខ្មែរមួយចំនួនប្រមាថគ្នាទៅវិញទៅមក ដោយសារតែពាក្យពហិការនេះឡើយ​ ដែលជាសកម្មភាពនាំឱ្យបែកបាក់ជាតិ។

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកា​បែបនេះ ដោយព្រះអង្គសង្កេតឃើញកន្លងមក ​មានសកម្មភាពប្រមាថគ្នាទៅលើបុគ្គលមួយចំនួន ដែលនៅតែប្រើប្រាស់ទំនិញថៃ។ ព្រះគាំទ្រស្មាតីជាតិនិយម ស្នេហាជាតិ ប៉ុន្តែមិនគាំទ្រសកម្មភាពមួយចំនួន ដែលនាំឱ្យបែកបាក់ជាតិនោះទេ​ ការប្រមាថបែបនេះ គឺជាគ្រោះកាចសម្រាប់ជាតិ។

ការលើកឡើងរបស់​សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ក្នុងឱកាសដែលព្រះអង្គនិមន្តធ្វើជាវាគ្មិន ក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ «ខ្មែរធ្វើបាន» ក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលខ្មែរ» នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាគូសបញ្ជាក់យ៉ាងដូច្នេះថា​ «បើសិនជាយើងធ្វើពហិការហើយវានាំឱ្យបែកបាក់ជាតិ​ តើយើងធ្វើ ដើម្បីអ្វី?នេះជាបញ្ហាដែលអស់លោកមានមតិពីរ ដែលបដិសេធដាច់អហង្ការចំពោះទំនិញថៃ និងមួយទៀតនៅតែប្រើប្រាស់ទំនិញ។ ​ពួកយើងត្រូវយល់ថា បើយើងធ្វើអ្វីម្យ៉ាងដើម្បីជាតិ បើយើងធ្វើទៅហើយបែកបាក់ជាតិ យើងធ្វើ ធ្វើអី? បើសិនជាអស់លោកអ្នកធ្វើពហិការ ធ្វើទៅដើម្បីឆ្លើយតបគឺជារឿងធម្មតាទេ ក៏ប៉ុន្តែសូមមេត្តាគិតថា កុំដោយសារតែពហិការហ្នឹង យើងទៅប្រមាថជនជាតិយើង»

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាបន្ថែមថា ក្នុងការធ្វើពាណិជ្ជកម្ម យើងមិនអាចកាត់ផ្តាច់បានទាំងស្រុងនោះទេ។ ស្របជាមួយគ្នា ការផលិតនៅកម្ពុជាក៏មានទំនិញខ្វះចន្លោះ ដែលទាមទារឱ្យមាននាំចូលបន្ថែមសម្រាប់បង្រ្គប់តម្រូវការ។

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីការណែនាំថា ក្នុងស្មារតីជាតិនិយម ស្រលាញ់ជាតិ គឺត្រូវតែអភិវឌ្ឍន៍ខ្លួនឯង និងស្មោះត្រង់ចំពោះជាតិ ក៏ដូចជាហ៊ានលះបង់ដើម្បីជាតិ៕

សូមស្តាប់សង្ឃដីការទាំងស្រុងរបស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត៖