ជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
30-09-2025 17:34
(ភ្នំពេញ)៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកឡើងថា ការបើកដំណើរការជើងហោះហើរត្រង់តភ្ជាប់ពីភ្នំពេញ ទៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅខែតុលាខាងមុខនេះ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក ទុយ រី លើកឡើងបែបនេះ ក្នុងឱកាសដែលលោកអមដោយអនុព័ន្ធពាណិជ្ជកម្ម ជួបពិភាក្សាការងារ ជាមួយលោក KEVEN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា លោក MASATO TADOKORO និងលោក STEPHEN COX តំណាងក្រុមហ៊ុន AVIAREPS Japan អំពីវឌ្ឍនភាពនៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ។
លោក ទុយ រី បានអបអរសាទរចំពោះវឌ្ឍនភាព នៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា និងគាំទ្រចំពោះការចូលរួមផ្សព្វផ្សាយព័ត៌មាន នៃការបើកជើងហោះហើរនេះ ជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋខ្មែរ និងជប៉ុន ក៏ដូចជាជនបរទេសផ្សេងទៀត ចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។
លោកឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ជើងហោះហើរថ្មីនេះ គឺជាវឌ្ឍនភាពថ្មីនៃការពង្រីកការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់វិស័យទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកបានស្នើឱ្យអាកាសចរណ៍ជាតិកម្ពុជា បន្តចរចារជាមួយភាគីជប៉ុន ដើម្បីទទួលបានការអនុញ្ញាតឱ្យក្រុមហ៊ុនអាចហោះហើរក្នុងពេលវេលាល្អ និងបង្កើនចំនួនហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន កាន់តែច្រើនឡើងថែមទៀត។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នឹងចាប់ផ្តើមបើកជើងហោះហើរត្រង់តភ្ជាប់ពីភ្នំពេញ (KTI) ទៅទីក្រុងតូក្យូ (NRT) ប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងភ្ជាប់ពីភ្នំពេញទៅកាន់ទីក្រុងហ្វូចូវ ប្រទេសចិន និងបន្តទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Narita នៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមាន ៣ជើងក្នុងមួយសប្តាហ៍។ នៅថ្ងៃទទួលជើងហើរហោះដំបូងពីទីក្រុងទីក្រុងតូក្យូ នាចុងខែចុងខែតុលានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ចំពោះអ្នកដំណើរដែលមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា បន្ថែមពីការបើកជើងហោះហើរត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Narita នៃទីក្រុងតូក្យូ នៅជំហានបន្ទាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏គ្រោងនឹងបើកហោះហើរត្រង់ពីភ្នំពេញទៅកាន់ទីក្រុង Osaka ប្រទេសជប៉ុននៅពេលខាងមុខទៀតផង។ ការបើកដំណើរការហោះហើរថ្មីមួយទៀតនេះ អាចនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២៦។
ដោយឡែកនៅថ្ងៃទី៤ ខែតុលាឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នឹងចាប់ផ្តើមហោះហើរត្រង់ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម មកកាន់ប្រទេសកម្ពុជា ដោយធ្វើការហោះហើរ៤ជើងក្នុងមួយសប្តាហ៍ និងឈានទៅបង្កើន៦ជើងហោះហើរក្នុងមួយសប្តាហ៍នៅចុងខែតុលា៕